ហេតុអ្វីវៀតណាមមិនអរគុណកម្ពុជាចំពោះថ្ងៃ៣០មេសា១៩៧៥?
វៀតណាមបានទទួលឯករាជ្យពីបារាំងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ។ ក្រោយការទទួលបានឯករាជ្យ១០ឆ្នាំ គឺនៅឆ្នាំ១៩៥៥ វៀតណាមបែងចែកជាពីរគឺវៀតណាមខាងជើងនៅក្រោមប្លុកកុម្មុយនីស្ត ដែលមានសហភាពសូវៀតដឹកនាំ និងវៀតណាមខាងត្បូងស្ថិតក្រោមប្លុកសេរីមានអាមេរិកដឹកនាំ នៅក្នុងឥទ្ធិពលនៃសង្គ្រាមត្រជាក់ ។ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ វៀតណាមខាងជើងវាយឈ្នះហើយគ្រប់គ្រងវៀតណាមទាំងមូល ។
នៅក្នុងសង្គ្រាមវៀតណាមបានធ្វើឲ្យប្រជាជន និងយោធាវៀតណាមប្រមាណ៣លាននាក់បានស្លាប់ ចំណែកយោធាអាមេរិកវិញស្លាប់អស់ប្រមាណ៦ម៉ឺននាក់ ។
តើកម្ពុជាបានដើរតួនាទីអ្វីខ្លះក្នុងការជួយឲ្យវៀតណាមមានឯកភាពជាតិ?
អ្នកប្រវត្តិសាស្ត្រនានាបានលើកឡើងថា ចំណុចដែលកម្ពុជាជួយឲ្យវៀតណាមអាចរួបរួមគ្នាបាននោះគឺសម្តេចសីហនុ បានអនុញ្ញាតឲ្យវៀតណាមខាងជើងយកដីខ្មែរខ្លះនៅភាគខាងកើត ដើម្បីដឹកជញ្ជូនស្បៀង និងសព្វាវុធវាយប្រហារវៀតណាមខាងត្បូង ដែលមានការជួយជ្រោមជ្រែងពីអាមេរិក ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក វង់ សុធារ៉ា មានសាសន៍ថា ដើម្បីវាយយកវៀតណាមខាងត្បូងពីការគ្រប់គ្រងដោយអាមេរិក មេដឹកនាំវៀតណាមខាងជើងមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយបានប្រើប្រាស់ដីខ្លះនៅភាគខាងកើតរបស់កម្ពុជា ។ លោកថា «វៀតណាមបានបង្កើតផ្លូវលំហូជីមីញនៅក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ហើយធ្វើសកម្មភាពនៅភាគខាងកើតដងទន្លេមេគង្គអីហ្នឹង គឺសុទ្ធសឹងជាកងទ័ពរំដោះវៀតណាមខាងត្បូងនៅចន្លោះឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៥» ។
ផលវិបាកបន្ទាប់ពីកម្ពុជាបើកផ្លូវលំហូជីមិញឲ្យវៀតណាមខាងជើងជញ្ជូនស្បៀង និងសព្វាវុធទៅវាយប្រហារវៀតណាមខាងត្បូងនោះ អាមេរិកដែលគ្រប់គ្រងវៀតណាមខាងត្បូងបានទម្លាក់គ្រាប់លើទឹកដីកម្ពុជា ដើម្បីទប់ស្កាត់វៀតណាមខាងជើង ។ ទីបំផុតវៀតណាមខាងជើងវាយយកបានវៀតណាមខាងត្បូង ហើយប្រកាសទៅជាវៀតណាមតែមួយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ។
ផ្លូវលំហូជីមិញ គឺផ្លូវយុទ្ធសាស្ត្រមួយនាំឲ្យវៀតណាមខាងជើង អាចវាយឈ្នះអាមេរិកហើយអាចគ្រប់គ្រងវៀតណាមខាងត្បូងវិញ ។ វៀតណាមខាងត្បូង និងខាងជើងនៅឆ្ងាយពីគ្នា ហើយបើមិនមានផ្លូវលំហូជីមិញជាផ្លូវកាត់នោះ វៀតណាមខាងជើងមិនអាចទទួលបានជ័យជម្នះទេ ហើយប្រទេសវៀតណាមអាចនៅចែកជាពីរដូចកូរ៉េបច្ចុប្បន្ននេះ ។
អ្នកវិទ្យាសាស្ត្រនយោបាយនានាក៏បានលើកឡើងថា មូលហេតុនៃការទម្លាក់គ្រាប់របស់អាមេរិកធ្វើឲ្យអ្នកនយោបាយនៅក្នុងសង្គមខ្មែរប្រេះឆាកាន់តែខ្លាំង រហូតដល់កើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ និង រដ្ឋប្រហារឆ្នាំ១៩៧៥ បានទាញកម្ពុជាធ្លាក់ចុះនៅភ្នក់សង្គ្រាមបន្តបន្ទាប់ ។
ទោះយ៉ាងណា ពេលរំឭកខួប៤០ឆ្នាំនៃការរួបរួមវៀតណាមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ក៏ដូចជាពិធីក្នុងពេលកន្លងមក មេដឹកនាំវៀតណាមមិនដែលថ្លែងអរគុណកម្ពុជានោះទេ ។
ដោយឡែកថ្នាក់ដឹកនាំកម្ពុជា ពេលធ្វើពិធីរំឭកខួបនៃការដួលរលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា តែងរំឭកខួបនៃការជួយជ្រោមជ្រែងពីវៀតណាម ។
លោក វង់ សុធារ៉ា បញ្ជាក់ថា ក្នុងប្រវត្តិកម្ពុជា និងវៀតណាមធ្លាប់ជួយគ្នាតាំងពីសតវត្សរ៍ទី១៧។ លោកថា «ការជួយគ្នាទៅវិញទៅមករបស់វៀតណាម និងកម្ពុជា ចាប់តាំងពីដើមសតវត្សរ៍ទី១៧មកម្ល៉េះ គ្រាន់តែខ្មែរមិនដែលចេះទារសារគុណពីវៀតណាមម្តងណាសោះ មានតែវៀតណាមទេ ដែលមិនភ្លេចក្នុងការទាមទារសារគុណពីខ្មែរ» ។
សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ លោក សាមិន ចម្រើនជ័យ លើកឡើងថា មូលហេតុដែលវៀតណាម មិនដែលថ្លែងពីគុណសម្បត្តិរបស់កម្ពុជានោះ ព្រោះមេដឹកនាំវៀតណាមតែងគិតថា កម្ពុជាស្ថិតនៅក្នុងឥណ្ឌូចិនដែលខ្លួនគ្រប់គ្រង ។ លោកបញ្ជាក់ថា «តាំងពីដើមមកខ្ញុំគិតថា វៀតណាមមិនដែរទុកកម្ពុជាជាប្រទេសដែលមានឋានៈស្មើខ្លួន ឬក៏អាចខ្ពស់ជាងខ្លួនបានទេ គឺវៀតណាមតែងតែប្រកាន់ថា ខ្លួនគឺជាមេគេនៅក្នុងតំបន់ឥណ្ឌូចិន» ។
ឯកសារប្រវត្តិសាស្ត្រនានាបង្ហាញថា ផ្លូវលំហូជីមិញដែលបង្កើតឡើងនៅអំឡុងឆ្នាំ១៩៥៩-៦០ ចេញពីវៀតណាមខាងជើងកាត់ឡាវ និងកម្ពុជាឆ្ពោះទៅវៀតណាមខាងត្បូង ហើយបានដំណើរការដឹកជញ្ជូនគ្រាប់នៅឆ្នាំ១៩៦៤-៦៥នោះ ជាហេតុនាំឲ្យអាមេរិកទម្លាក់គ្រាប់លើទឹកដីខ្មែរប្រមាណ២លាន៧សែនតោន បណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់ប្រមាណ១សែនទៅ៥សែននាក់ ៕
0 comments:
Post a Comment