[Official MV] Town VCD Vol 50 - 05 ស្រឡាញ់គ្នាស្រួលៗ - ករុណា &...

[Official MV] Town VCD Vol 50 - 05 ស្រឡាញ់គ្នាស្រួលៗ - ករុណា & នីសា - YouTube

Posted by KSP TV on Thursday, April 16, 2015

Friday, May 1, 2015

វេយ្យាករណ៍ខ្មែរ

លំនាំ​ដើម
មុន​ដំបូង​ខ្ញុំ​គិត​ថា​សរសេរ​អំពី “វិធី​សរសេរ​តែង​និពន្ធ” ​ដោយ​សង្ខេប​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ក្រោយ​មក អស់​លោក​ជា​អ្នក​ផ្ដួច​​ផ្ដើម​គំនិត លោក​មាន​សំណូម​ពរ សូម​ឲ្យ​បន្ថែម​សេចក្ដី​ណែ​នាំ​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​វេយ្យាករណ៍​ផង នោះ​ទើប​ខ្ញុំ​ក៏​ពិចារណា​ទៅ​ឃើញ​ថា ប្រសិន​បើ​មិន​ចេះ ឬ​ចេះ​វេយ្យាករណ៍​ស្ទើរ​ៗ ​សើៗ ញ្រល​​ៗ​ នោះ ការ​សរសេរ​តែង​និពន្ធ ​ប្រាកដ​ជា​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​មិន​ខាន ។ ដូច្នេះ​ខ្ញុំ​ក៏​យល់​ស្រប ហើយ​សម្រេច​បញ្ចូល​ចំណុច​សំខាន់ៗ​​ មួយ​​ចំនួន​នៃ​ចំណេះ​ខាង​វេយ្យាករណ៍​ខ្មែរ នៅ​ភាគ​ខាង​ដើម​នៃ​សៀវភៅ​នេះ ។ ធ្វើ​ដូច្នេះ ​ដោយ​ចង់​រំលឹក​អ្នក​ចង់​ចេះ​សរសេរ​តែង​និពន្ធ​ទាំង​ឡាយ មិន​ឲ្យ​មើល​ស្រាល​ចំណេះ​ខាង​វេយ្យាករណ៍ ប្រសិន​បើ​គេ​ចង់​សរសេរ​ឲ្យ​បាន​ល្អ ។ លុះ​កាល​ណា​អ្នក​អាន ឬ​អ្នក​សិក្សា​ចាប់​បាន​នូវ​ផ្នែក​សំខាន់ៗ​នៃ​វេយ្យាករណ៍ ធ្វើ​ឲ្យ​គេ​ទទួល​បាន​នូវ​ពន្លឺ និង​គោល​ការណ៍​នៃ​ការ​តែង​និពន្ធ​ហើយ​នោះ ទើប​ខ្ញុំ​ជួយ​ឲ្យ​អស់​លោក​ទៅ​ជួប​នឹង​ចំណេះ​ដឹង​ជា​សារវន្ត​ទាក់​ទង​ដល់​ការ​សរសេរ​តែង​និពន្ធ ។ ដើម្បី​កុំ​ឲ្យ​សៀវភៅ​នេះ​ក្រាស់​ពេក ហើយ​ដោយ​យល់​ឃើញ​ថា វេយ្យាករណ៍​ខ្មែរ​នេះ មាន​រៀម​ច្បង​មួយ​ចំនួន​បាន​សរសេរ​លម្អិត​ហើយ​នោះ ដូច្នេះ​ខ្ញុំ​គ្រាន់​តែ​សូម​​​ជួយ​រំលឹក​តែ​ត្រង់​ផ្នែក​សំខាន់​ខ្លះ ដែល​អ្នក​សរសេរ​តែង​និពន្ធ​ត្រូវ​ដឹង​ដោយ​ខាន​ពុំ​បាន ។ ឯ​នៅ​​ភាគ​ទី ​​II នេះ​ទៀត​សោត ក៏​ខ្ញុំ​ពុំ​បាន​ធ្វើ​ឲ្យ​មាន​ការ​លម្អិត​ពិស្ដារ​ជ្រៅ​ជ្រះ​​​ប៉ុន្មាន​ទេ ។ សំខាន់​គឺ​គ្រាន់​តែ​លើក​មក​បង្ហាញ​ត្រួសៗ​នូវ​ចំណុច​ចាំ​បាច់​ខ្លះ ដើម្បី​ផ្ដល់​ជូន​អ្នក​អាន អ្នក​សិក្សា​នូវ​សញ្ញាណ​ស្តី​ពី​របៀប​សរសេរ​តែង​និពន្ធ ។ របៀប និង​វិធី​សរសេរ​មាន​ច្រើន​ណាស់... ។ អស់​លោក​ត្រូវ​ខំ​ព្យាយាម​អាន​សៀវភៅ​គ្រប់​ប្រភេទ​ឲ្យ​បាន​ច្រើន​ទាំង​​​បុរាណ ទាំង​ទំនើប ទាំង​កំណាព្យ​កម្រង​កែវ និង​អត្ថបទ​សម្រាយ​ធម្មតា... ។ អរគុណ​ដែល​បាន​ចាប់​អារម្មណ៍​ចំពោះ​មុខវិជ្ជា​នេះ ។ សូម​ជូន​ពរ​ការ​ខិត​ខំ​សិក្សា​ទទួល​បាន​លទ្ធផល​ល្អ ។
មៀច ប៉ុណ្ណ


ផ្នែក​ទី​ ១
អំពី​អក្សរ ឬ​អក្ខរៈ

អក្សរ តាម​ពាក្យ​សំស្រ្កឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។ 
អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖
    ១-ព្យញ្ជនៈ មាន ៣៣ តួ ។
    ២-ស្រៈ​ពេញ​តួ ១២ តួ ។
    ៣-ស្រៈ​និស្ស័យ​ពី​មុន​​មាន ២១ តែ​ត្រូវ​បន្ថែម ៧ ទៀត​បាន​ទៅ​ជា​ ២៨​ តួ បើ​គិត​ទាំង​សំឡេង ។ តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។
១-​ព្យញ្ជនៈ
    ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ត្រូវ​រាប់​តាម​លំដាប់​ពី​ដើម​ដល់​ចប់៖
ក​ខ​គ​ឃ​ង ច​ឆ​ជ​ឈ​ញ ដ​ឋ​ឌ​ឍ​ណ ត​ថ​ទ​ធ​ន ប​ផ​ព​ភ​ម យ​រ​ល​វ​ ស​ហ​ឡ​អ 
២-ជើង​ព្យញ្ជនៈ 
    ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់ (៊) មាន​តួ​ខ្លួន (ក) ​មាន​ជើង (្ក) ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​"សក់"ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ (Consonnes souscrites)​ ។
 ្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ  ្ណ , ្ត ្ថ ្ទ ្ធ ្ន ​, ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀប​សរសេរ ជើង​ព្យញ្ជនៈ ភ្ជាប់​ជា​មួយ​តួ​ព្យញ្ជនៈ ដូច​ខាង​ក្រោម​ ៖ 
ក្ខ​ខ្ខ​គ្គ​ឃ្ឃ​ង្ង ច្ច​ឆ្ឆ​ជ្ជ​ឈ្ឈ​ញ្ញ ដ្ត​ឋ្ឋ​ឌ្ឌ​ឍ្ឍ​ណ្ណ ត្ត​ថ្ថ​ទ្ទ​ធ្ធ​ន្ន ប្ប​ផ្ផ​ព្ព​ភ្ភ​ម្ម យ្យ​រ្រ​ល្ល​វ្វ​ ស្ស​ហ្ហ​ឡ្ឡ​អ្អ 
៣-ស្រៈពេញ​តួ
    អ្នក​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៥ តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ដក​យក​ “អ” និង “អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​​ “អ” គឺ​ជា​ព្យញ្ជនៈ ដែល​ត្រូប​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​ តួ​នោះ​វិញ ។ ឯ “អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​​​​​​​​​ “ អ” មក​ផ្សំ​ជា​មួយ​ស្រៈ “ ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៣​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៣​នេះ ស្រៈ ឩ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១២ តួវិញ ព្រោះ​សព្វ​ថ្ងៃ​គេ​ប្រើ​ស្រៈ​ពេញ​តួ ឩ នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “ រាជ​ស័ព្ទ ” មាន​ន័យ​ថា “​ ភ្លៅ​ស្ដេច ” ។
៤-ស្រៈ​និស្ស័យ
    គឺ​តួ​អក្សរ ដែល​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ព្យញ្ជនៈ ។ បើ​សរសេរ​តែ​រូប​វា​ដាច់​តែ​ឯង​នោះ នឹង​ពុំ​មាន​ន័យ​ប្រាកដ​ប្រជា​ថា​យ៉ាង​ណាៗ​នោះ​ឡើយ ។ ដូច​ជា​ស្រៈ ា ស្រៈ ៅ មាន​តែ​រូប និង​សំឡេង​ផ្សំ តែ​ពុំ​មាន​សារៈ​អ្វី​ទេ ។ ស្រៈ​និស្ស័យ​មាន ២១ តួ តាម​ការ​កំណត់​របស់​ក្បួន​ពី​មុន​នោះ​គឺ ្​ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែ​អស់​លោក​អ្នក​អក្សរសាស្រ្ត​ក្រោយ​មកសន្មត​ថា មាន​តែ២០តួវិញ ព្រោះ​ថា ស្រៈ​(អ) មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​(អ) នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ.... ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ ​វា​មាន​សំឡេង (អ) ដូច​ជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ... ។ ចំពោះ​ស្រៈ ួ ឿ និង ៀ ទោះ​គេ​យក​ទៅ​ផ្សំ​នឹង​ព្យញ្ជនៈ ឃោសៈ​ក្តី អឃោសៈ​ក្តី វា​នៅ​តែ​មាន​សូរ​សំឡេង “អួ”​ (អឿ-អៀ) ​ដូច​គ្នា​ នេះ​វាជា​ករណី​លើក​លែង​សម្រាប់​ស្រៈ​និស្ស័យ​របស់​ខ្មែរ​យើង ។ រីឯ​ស្រៈ​៤​ទៀតដូច​ជា ស្រៈ ុះ ិះ ោះ វិញ​នោះ កាល​ពី​មុន​លោក​មិន​យក​មក​រាប់​បញ្ចូល​ក្នុង​ស្រៈ​និស្ស័យ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា មាន​ពាក្យ​ជា​ច្រើន ដែល​ត្រូវ​ការ​ប្រើ​ស្រៈ​ទាំង​នេះ នៅ​ក្នុង​ពាក្យ​ខ្មែរ​ជា​ចាំ​បាច់​នោះ ទើប​លោក​អ្នក​ប្រាជ្ញ​ជាន់​ក្រោយ ​ក៏​បាន​សម្រេច​បញ្ចូល​បន្ថែម​ស្រៈ​ទាំង​៤នេះ ហើយ​ស្រៈ​និស្ស័យ​ក៏​បាន​កើន​ដល់ (២១-១)+៤ = ២៤ ហើយ​បើ​បន្ថែម​ស្រៈ ​ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈ​និស្ស័យ​ដែល​ធ្លាប់​ឃើញ​​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក្ដី ក្នុង​អត្ថបទ​នានា​ក្ដី​ទៀត​នោះ  ស្រៈ​និស្ស័យ​អាច​កើន​ឡើង​ដល់​ ២៦ ឬ ២៧ [1] ។
៥-ការ​ប្រើ​ប្រាស់​ជើង​អក្សរ
    ដោយ​ហេតុ​ថា មាន​ករណី​ដោយ​ឡែក​ខ្លះ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ជើង​អក្សរ​ព្យញ្ជនៈ​ខ្មែរ​យើង​នោះ ខ្ញុំ​សូម​អនុញ្ញាត​ជម្រាប​​ថា ៖
    ក/ ជើង​ “ត្ត” និង​ជើង “ដ្ដ” មាន​រូប​រាង​ដូច​គ្នា​អាច​ច្រឡំ ​ព្រោះ​ការ​ប្រើ​ប្រាស់​កន្លង​មក​ ហាក់​ដូច​ជា​ច្របូក​ច្របល់​បន្តិច ដូច​ជា​ពាក្យ​ ស្ដូក​​ស្ដឹង, ផ្តិល(ទឹក), ផ្ដាច់​ផ្តិល ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បាន​កំណត់​ប្រើ​ជើង​(ត្ត) នៅ​ផ្ញើ​ពី​ក្រោម​អក្សរ (ន) វា​មាន​សំឡេង​ជា​ជើង(ត្ត)ទាំង​អស់​ដូច​ជា ប៉ុន្តែ, កន្តែរ៉ែ, កន្តាំង, អន្តរាយ, បន្តិច​បន្តួច ។ល។ លើក​លែង​តែ​ពាក្យ ៤ ម៉ាត់​ចេញ​ ដែល​ជើង (្ត) យក​ទៅ​ផ្ញើ​នឹង (ន) ទៅ​ជា​មាន​សំឡេង“ដ”នោះ​គឺ សន្តោស, សន្តាន, ចិន្តា, អន្តរធាន ។ ប៉ុន្តែ​បើ​ជើង (្ត) នៅ​ផ្ញើ​នៅ​ពី​ក្រោម​តួ​ព្យញ្ជនៈ (ណ) វិញ​នោះ វា​មាន​សំឡេង​ជា “ដ” វិញ​ ដូច​ជា សណ្តែក, សណ្ដាន់, កណ្ដៀវ, កណ្ដុរ, កណ្ដាល, អណ្តូង, អណ្តើក[2] ។ល។ 
    ខ/ ចំពោះ​ជើង “ញ” បើ​កាល​ណា​ត្រូវ​យក​ជើង (ញ) ទៅ​ផ្ញើ​នឹង​ព្យញ្ជនៈ (ញ) នោះ អក្សរ(ញ)ខាង​លើ​ត្រូវ​កំបុត​ជើង (ខ្នែង ្ញ) ។ រី​ឯជើង​(ញ)ដែល​យក​ទៅ​ផ្ញើ​នឹង​តួ​ (ញ) នោះ មាន​សិទ្ធិ​អាច​រក្សា​ជើង ​( ខ្នែង ញ្ញ) នេះ​បាន ។ ឧទាហរណ៍​ បញ្ញើ​ក្អែក, បញ្ញត្តិ, អនុញ្ញាត, កញ្ញា, សញ្ញា ។ 
    គ/ ជើង​ ឡ មិន​ដែល​ប្រើ​ទេ
    ឃ/ ជើង ​(្ព) និង​ជើង (្វ) អាច​ប្រើ​ចូល​គ្នា​បាន ដោយ​យក​ជើង (្វ) ទៅ​ផ្ញើ​ពី​ក្រោម​ព្យញ្ជនៈ (ព) ដូច​ជា និញ្វន ។
សូមគូស​បញ្ជាក់​ថា
    បុព្វ​បុរស​យើង​ផ្លាស់​ប្តូរ (ពៈ) ជា ​(វៈ)​ គឺ​ប្រើ​ជា​មួយ​គ្នាជំនួស​គ្នា​បាន ប៉ុន្តែ​គេ​មិន​អាច​យក​ជើង (ព) ទៅ​ផ្ញើ​នឹង​តួ​ (វ) ឡើយ ។
៦-អំពីវគ្គ
    ១-វគ្គ (ក) ក​ខ​គ​ឃ​ង
    ២-វគ្គ (ច) ច​ឆ​ជ​ឈ​ញ
    ៣-វគ្គ (ដ) ដ​ឋ​ឌ​ឍ​ណ
    ៤-វគ្គ (ត) ត​ថ​ទ​ធ​ន
    ៥-វគ្គ (ប) ប​ផ​ព​ភ​ម
    ឯតួ​អក្សរ​ទាំង​៨តួដែល​សល់​ពី​វគ្គ​ទាំង៥ខាង​ដើម​នោះ លោក​​​ហៅ​ថា សេសវគ្គ​ បាន​ដល់  ៖ យ រ ល វ ស ហ ឡ អ ។ 
៧-សំឡេង​ព្យញ្ជនៈ 
    ព្យញ្ជនៈ ​៣៣ ​តួ​នេះ ចែក​ចេញ​​​សំឡេង​​ជា​ពីរ​ប្រភេទ​គឺ អឃោសៈ បាន​ដល់​ព្យញ្ជនៈ​ដែល​មាន​សំឡេង​តូច​ស្រួយ មិន​លាន់​ឮ​គឹក​កង​ មាន​ដូច​ជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ ) ។
ឃោសៈ ៖ ពួក​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ធំ​គ្រលរ ​គឹកកង​ ដូច​ជា គឃ​ង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈ​សំឡេង​ឃោសៈ ប្រទាញ​ស្រៈ​និស្ស័យ ឲ្យឮសូរ​គ្រលរ​គឹកកង​ដូច​វា​ដែរ ។
៨-ព្យញ្ជនៈ​ប្តូរ​សំឡេង 
    ដើម្បី​មាន​ពាក្យ​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ ទៅ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ក្នុង​ភាសា​ខ្មែរ​យើង បុព្វ​បុរស​យើង​បាន​កែ​ច្នៃ បំប្លែង​សំឡេង​ព្យញ្ជនៈ​ខ្លះៗ​ពី​ឃោសៈ​ទៅ​ជា​សំឡេង​អឃោសៈ ដោយ​យក​សញ្ញា​​មូសិកទន្ត ​“ ៉ ” មក​ដាក់សម្លាប់ពី​លើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រី​ឯសញ្ញា​ត្រីសព្ទ (៊) នេះ​ លោក​យក​ទៅ​ដាក់​ពី​លើ​ព្យញ្ជនៈ​អឃោសៈ​មួយ​ចំនួន​បំប្លែង​សំឡេង​ ឲ្យ​ទៅ​ជាឃោសៈ​វិញ ដូច​ជា ៖ ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។
កំណត់​សម្គាល់ 
    អក្សរ​ដែល​ដាក់​សញ្ញា​ត្រីសព្ទ (៊) ហើយ​បើ​កាល​ណា​មក​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ​​​នោះ​គេ​ផ្លាស់​ត្រី​ស័ព្ទ​ចេញ​ហើយ​ដាក់ (ុ) ជំនួស​វិញ​ចៀស​វាង​ការ​ទើស​ទែង​ដូច​ជា​ពាក្យ ស៊ី ហ៊ឺហា ។ ឯ​ពាក្យ​សម្លាប់​ដោយ​ធ្មេញ​កណ្ដុរ ក៏​យក(ុ) មក​ជំនួស​មូសិកទន្ត​ដែរ ដូច​ពាក្យ ប៉ិន​ ប៉ិច[3] ។ 
ករណី​ពិសេស ក្នុង​ការ​សរសេរ​ពាក្យ​ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេ​មិន​​អាច​អនុវត្ត​ក្បួន​ខាង​ដើម​នោះបាន​ឡើយ ព្រោះ​បើ​យក​ស្រៈ “ ុ ” មក​ប្រើ​តាម​ក្បួន​ខាង​លើ វា​អាច​ច្រឡំ​នឹង​ពាក្យ “ ប៉ិច ” (ប៉ិច​ពន្លក) ឬ​ទឹក​ “ ប៉ិម ” ហៀប​និង​ហូរ​ចូល​ទូក ។
៩-ព្យញ្ជនៈផ្ញើ​ជើង 
    ផ្ញើ​ជើង​ គឺ​ជា​វិធី​យក​ជើង​ព្យញ្ជនៈ​មួយ ​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ដើម្បី​បង្កើត​បាន​ជា​សំឡេង​ផ្សំ​ពីរ​បញ្ចូល​គ្នា ឲ្យ​លាន់​ឮ​ក្នុង​ព្យាង្គ​តែ​មួយ ។ នៅ​ក្នុង​ភាសាខ្មែរ​យើង​ សម្បូរ​ពាក្យ​ដែល​ផ្សំ​សំឡេង​ពីរ​រួម​បញ្ចូល​មក​តែ​មួយ​ព្យាង្គ​ សម្រាប់​អាន​និយាយ​ចេញ​មក​ភ្ជាប់​គ្នា​ដូច​ជា​សំឡេង​ភ្លោះ ​។
ឧទាហរណ៍
ក+្ប = ក្ប មាន​ក្នុង​ពាក្យ “ ក្បាល ” 
ខ+្ស = ខ្ស មាន​ក្នុង​ពាក្យ “ ខ្សត់ ”
● របៀប​យក​ជើង​ទៅ​ផ្ញើ (ផ្សំ) ជា​មួយ​ព្យញ្ជនៈ “គោល” គឺ​ព្យញ្ជនៈ​មាន​ឋានៈ​ជា​ម្ចាស់​មាន​របៀប​ប្លែកគ្នា ៖
ក-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​តួព្យញ្ជនៈ​គោល ៖ ខ្លី, ឆ្មា ។
ខ-យក​ជើង​ផ្សំ​ដាក់​ពី​ឆ្វេង​តួ​ព្យញ្ជនៈ ៖ ស្រែ ។
គ-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​និង​ខាង​ស្តាំ ៖ សង្ឃ, អភិវឌ្ឍ, សប្បាយ, រក្សា ។
១០-ព្យញ្ជនៈ​បន្ថែម
    ដើម្បី​អាច​សម្របតម្រូវ​ជា​មួយ​សំណូរ​ម្យ៉ាងតាមបែប​សូរ​សៀង​ជា​ភាសា​បរទេស ដែល​យើង​តែង​តែ​ខ្ចី​យក​មក​ប្រើ​ខ្លះៗ មាន​ភាសា​បារាំង អង់​គ្លេស.... គេ​យក​តួ​ព្យញ្ជនៈ​មក​ផ្សំ​ជា​មួយ​ជើង​ព្យញ្ជនៈ ដូច​ជា​ពាក្យ guitare= ហ្គីតារ, frein ហ្រ្វាំង, café =កាហ្វេ, George Cœdès= ហ្ស៊ក សេដែស[4] ។ល។ 
១១-សិថិល និង​ ធនិត
    ក/ សិថិល គឺ​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ស្រាល​ប្រមូល​ផ្តុំ​ចេញ​សំឡេង​ដាច់​តែ​មួយ ពុំ​មាន​ខ្យល់​ផ្សំ​ពី​ព្យញ្ជនៈ​ណា​ផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព ។
    ខ/ ធនិត រាល់​ព្យញ្ជនៈ​ដែល​មាន​គួប​ផ្សំ​ដោយ​សំឡេង ​​​​“​​​​ ហ ” មាន​ដូច​ជា ខ< ក+ហ; ឆ< ច+ហ; ឋ< ដ+ហ; ថ< ត+ហ; ផ< ប+ហ; ឃ < គ+ហ; ឈ < ជ+ហ៊ ; ឍ < ឌ+ហ៊; ធ < ទ+ហ៊; ភ < ព+ហ៊ ។
១២-ព្យញ្ជនៈ​គូ 
    នៅ​ក្នុង​តួ​ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ក្នុង​វគ្គនីមួយៗ តែង​តែ​មាន​ព្យញ្ជនៈ​ជា​គូ​នឹង​គ្នា ដែល​មួយ​មាន​សំឡេង​ អឃោសៈ ហើយ​មួយ​ទៀត​មាន​សំឡេង​ឃោសៈ​ គឺ ៖
    ក/ ផ្នែក​អឃោសៈ ៖ ក​ គូ​នឹង​ ខ; ច ​គូ​នឹង ​ឆ; ដ​ គូ​នឹង​ ឋ; ត​ គូ​នឹង ​​ថ ។
    ខ/ ផ្នែក​ឃោសៈ ៖ គ​ គូ​នឹង​ ឃ; ជ ​គូ​នឹង ​ឈ; ទ ​គូ​នឹង​ ធ; ព ​គូនិង ភ ។
    ចំពោះ​ព្យញ្ជនៈ​សេស​គូ នៅ​ចុង​វគ្គ​ទាំង​ ៥ ​មាន​ ង, ញ, ណ, ន, ម និង​ព្យញ្ជនៈ​សេស​វគ្គ​ទាំង​៨​តួ ​មាន ៖ យ ​រ ​ល​ វ ​ ស​ ហ ​ឡ​ អ​ នោះ​ពុំ​មាន​គូ​ទេ ។ 

ផ្នែកទី ២
វណ្ណយុត្តិ (Signe Diacritique) 


វណ្ណយុត្តិ គឺ​ជា​សញ្ញា​ទាំង​ឡាយ​ដែល​បង្កើត​ឡើង ដើម្បី​កែ​ប្រែ​ ផ្តួល​សំឡេង​ព្យញ្ជនៈ ឬ​ពាក្យ​ពេចន៍​ខ្លះ ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់ ​ក្នុង​ភាសា​របស់​យើង ។ មិន​តែ​ប៉ុណ្ណោះ​ សញ្ញា​ទាំង​នេះ ក៏​អាច​ជួយ​បំប្លែង​​សំឡេង​នៃ​ពាក្យ​ខ្លះ ដែល​មាន​ប្រភព​មក​ពី​ភាសា​បាលី​ ឬ​សំស្ក្រឹត​ផង​ដែរ ។ 
វណ្ណយុត្តិ​ទាំង​ឡាយ​ចែក​ចេញ​ជា​ពីរ​ពួក​គឺ ៖
    ក/ វណ្ណយុត្តិ​ដែល​បន្ថែម​លើ​ព្យញ្ជនៈ ដើម្បី​លម្អៀង​ស័ព្ទ​ឲ្យ​ខ្លី​ឲ្យ​មាន​សូរ​ផ្សេង​ ឲ្យ​ប្លែក​ពី​សំឡេង​ដើម (Signes diacritiques) ។
    ខ/ វណ្ណយុត្តិ​ ដែល​ប្រើ​ជា​មួយ​នឹង​ពាក្យ​ ក្នុង​ឃ្លា​ប្រកប ដើម្បី​កាត់​ឃ្លា​ជា​ប្រយោគ​ជា​សង្កាត់ ដើម្បី​សម្គាល់​ន័យ​សេចក្តី​ផ្សេងៗ​ ។ វណ្ណយុត្តិ​ពួក​នេះ​ហៅ​ថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។
១-មូសិកទន្ត​ ឬ​ធ្មេញ​កណ្តុរ “ ៉ ” 
    ជា​សញ្ញា​ប្រើ​សម្រាប់​សម្លាប់, បំបែរ​សំឡេង​ព្យញ្ជនៈ ​៧​ តួ ដែល​មាន​សំឡេង​ឃោសៈ ឲ្យ​ទៅ​ជា​អឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យ​ទៅ​ជា​សំឡេង​អឃោសៈ​វិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែក​តែ​តួ “ ប ” មួយ ដែល​មាន​សំឡេង​អឃោសៈ​ស្រាប់ ប៉ុន្តែ​គ្រាន់​តែ​លម្អៀង​សូរ​ពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​ប្រើ​ក្នុង​ពាក្យ ង៉ក់ង, ញ៉ែង​ញ៉ង, ប៉ប៉ាច់​ប៉ប៉ោច, ម៉ែឪ, យ៉ាប់​យ៉ឺន, រឿង​រ៉ាវ, វ៉ូង​វ៉ាង ។
● ចំណាំ ៖ កាល​ណា​ពាក្យ​ទាំង​នេះ​ទៅ​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះ​ប៉ិត យាប់​យ៉ឺន, ល្បែង​ចាប៉ឹក... ។ គេ​ត្រូវ​យក​សញ្ញា (ុ) មក​ជំនួស​ធ្មេញ​កណ្តុរ​ ដែល​ដាក់​ពី​លើ ដើម្បី​កុំ​ឲ្យ​វណ្ណយុត្តិ​នេះ ទើស​ទែង​គ្នា​ជា​មួយ​ស្រៈ​ខាង​លើ ។ ឧទាហរណ៍ ស៊ី ប៉ើង រឹងប៉ឹង ។
២-ត្រីស័ព្ទ ( ៊)[5] 
    ជា​សញ្ញា​សម្រាប់​ដាក់​លើ​ព្យញ្ជនៈ​ ៤ ​តួ ជា​អឃោសៈ ប, ស, ហ, អ, ឲ្យ​ទៅ​ជា​ឃោសៈ​វិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​ពាក្យ សាប៊ូ, សម្ល​ស៊ុប, ហ៊ាន, ទ្រអ៊ូ... ។ កាល​ណា​សញ្ញា​ត្រីស័ព្ទ​នេះ​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ក៏​ត្រូវ​ប្រែ​ប្រួល​រូប​មក​ជា (ុ) ដូច​ករណី​ខាង​លើ​ដែរ ឧទាហរណ៍ ស៊ីបាយ, លេង​ហ៊ី... លើក​លែង​តែ​ពាក្យ ប៊ិច, អ៊ីចុះ​អ៊ីចឹង... ។ 
៣ រស្សសញ្ញា​ ឬ​បន្តក់ (់) 
    សម្រាប់​ប្រើ​ដាក់​ថែម​លើ​តួ​ប្រកប​នៃ​ពាក្យ​ ដែល​កើត​ឡើង​ពី​ស្រៈ “ អ ” និង​ស្រៈ “ អា ” ហើយ​កាត់​ស័ព្ទ​វែង​ឲ្យ​ទៅ​ជា​ខ្លី ដែល​ត្រូវ​អាន​លឿន​រហ័ស​។ ឧទាហរណ៍ ៖ កាត = ស័ព្ទ​វែង, កាត់ = ស័ព្ទ​ខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។
    ● កំណត់​សម្គាល់
    ក/ ចំពោះ​តួ​ព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ ម ” ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ មិន​បាច់​ប្រើ​សញ្ញា “រស្សៈ” ឬ​បន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុង​ករណី​នេះ គេ​ប្រើ​និគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួស​វិញ ។ 
    ខ/ រីឯតួព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ យ ” ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ ក៏​មិន​បាច់​ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូច​ជា​ពាក្យ “ ចាយ់ ” ក្នុង​ករណី​នេះ​គេ​យក​ស្រៈ​ “ ៃ ” មក​ជំនួស​វិញ ព្រោះ​មាន​សំឡេង​ដូច​គ្នា ។ 
    គ/ ចំពោះ​ពាក្យ​ទាំង​ឡាយ​ណា ដែល​ក្លាយ​មក​ពី​ភាសា​បាលី​ឬ​សំស្រ្កឹត មិន​ត្រូវប្រើ​សញ្ញា (់) នេះ​ឡើយ ដូច​ជា​ពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក ... ពាក្យ​ទាំង​នេះ​មាន​សំឡេង​ខ្លី​ស្រេច​ហើយ តាម​ទម្លាប់​អាន​បែប​បាលី​និង​សំស្រ្កឹត ។ 
៤-សំយោគ​សញ្ញា (័) 
    ក/ គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់​លម្អៀង​ស័ព្ទ​របស់​ពាក្យ​ក្លាយ​មក​ពី​ភាសា​បាលី ឬសំស្រ្កឹត ដូច​ជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ[6], អាលយ > អាល័យ ។ 
    ខ/ សញ្ញា​នេះ​ក៏​ប្រើ​លើ​ពាក្យ​ខ្មែរ​ខ្លះ​ ដែល​មាន​សំឡេង​ស្ទើរ​ស្រៈ “​ អ ” និង ស្រៈ “ អា ” ដើម្បី​ឲ្យ​មាន​សូរ​សំឡេង​មួយ​ត្រូវ​ចំនឹង​សំឡេង​ពិត​នៃ​ពាក្យ​នោះ គឺ ញ័រ, ជ័រ, ទំព័រ... ។
    គ/ សម្រាប់​ប្រើ​សម្រួល​សំឡេង​ក្លាយ​ពី​ពាក្យ​បរទេស​ខ្លះ​ៗ ដូច​ជា ដុក​ទ័រ, ប៉ាស្ទ័រ, អាំង​ហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ [7]។
៥-របាទ (៌) 
    វណ្ណយុត្តិ​នេះ ជា​តំណាង​អក្សរ “ រ ” ដែល​គេ​កាត់​យក​ក្បាល​ខាង​លើ​របស់​វា​ មក​រក្សា​ទុក​ធ្វើ​ជា​សញ្ញា​របាទ (៌) ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ដែល​ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត ដើម្បី​សម្រួល​សំឡេង​អាន​តាម​បែប​សំឡេង​ខ្មែរ ។ គេ​កត់​សម្គាល់​ថា ពាក្យ​បាលី​ណា ដែល​សរសេរ​តម្រួត​នោះ កាល​ណា​យើង​សរសេរ​ជា​ពាក្យ​សំស្រ្កឹត​ក្លាយ​ខ្មែរ គេ​ត្រូវ​ដាក់ (៌) របាទ​នេះ​ជំនួស​វិញ ។



៦-អស្តា (៏) 
    វណ្ណយុត្តិ​នេះ គឺ​មាន​ទ្រង់​ទាយ​ជា​លេខ ៨ ប៉ុន្តែ​បង្រួញ​ឲ្យ​តូច​ ដើម្បី​ងាយ​យក​មក​ដាក់​លើ​ព្យញ្ជនៈ “ ក ” និង “ ដ ” ដែល​ជា​និបាត​ស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំ​ក៏​ទៅ, អ្នក​ក៏​ទៅ, ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ...។ ក្រៅ​ពី​នេះ​គេ​ប្រើ​លេខ​អស្តា សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លះ ជា​ពាក្យ​ភ្ញាក់​ ស្ងើច​ រំភើប​... ឱហ្ន៏ នុ៎ះហ្ន៏ ។
៧-ទណ្ឌឃាត ឬ​បដិសេធ (​៍) 
    វណ្ណយុត្តិ​នេះ មាន​រូបសណ្ឋាន​ដូច​សក់​លេខ “ ៩ ” ។ គេ​ប្រើ​ទណ្ឌឃាត ដើម្បី​ដាក់​លើ​អក្សរ​ព្យញ្ជនៈ​ណា​ ដែល​គេ​មិន​អាន ប៉ុន្តែ​គេ​ត្រូវ​តែ​រក្សា​ទុក​ព្យញ្ជនៈ​នោះ​ជា​ចាំ​បាច់ ក្នុង​ន័យ​រក្សា​អក្ខរា​វិរុទ្ធ​របស់​ពាក្យ និង​ជា​គ្រឿង​សម្គាល់​ជាតិ​ស័ព្ទ​របស់​ពាក្យ ។ ឧទាហរណ៍ ៖ ​ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យ​ពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។​ គេ​ច្រើន​ប្រើ​ទណ្ឌឃាត​លើ​ពាក្យ​ក្លាយ​ពី​បាលី​និង​សំស្រ្កឹត ។ សញ្ញា​នេះ ក៏​យក​មក​ប្រើ​ចំពោះ​ពាក្យ​ខ្ចី​ពី​បរទេស​ខ្លះ សម្រាប់​រក្សា​លំនាំ​អក្ខរាវិរុទ្ធ​ដើម​របស់​ពាក្យ​ទាំង​នោះ ដូច​ជា ស៊ីម៉ងត៍, អេដស៍, អាល់​ប៊ែរត៍...។ 
៨-វិសជ៌នី (ះ) ឬរះមុខ 
    គេ​ប្រើ​សញ្ញា​នេះ សម្រាប់​ប្រកប​ជំនួស​ខ្យល់ “​​ ហ​ ” ជា​ពាក្យ​កាត់​កំបុត​ខ្លី ហើយ​អាន​ដោយ​បើក​ចំហមាត់​ដូច​ជា ​តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ,​ ទះ, ដោះ​ដូរ, លោត​ផ្លោះ ។ល។ វា​មាន​សូរ​សំឡេង​ស្រដៀង​នឹង​ពាក្យ​ដែល​ប្រកប​នឹង​ព្យញ្ជនៈ “ ស ” ដែរ ។
៩-យុគលពិន្ទុ(ៈ) ឬ​ហៅថា “ ចុចពីរ ” ក៏បាន [8]
    គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់ ៖​ ដាក់​នៅ​ចុង​ពាក្យ​មាន​កំណើត​ពី​បាលី ​ឬ​សំស្រ្កឹត ដែល​មាន​សូរ “ អាក់ ” ឬ “​ អ៊ាក់ ” ដូច​ជា លោភៈ, មោហៈ, ទោសៈ...
    ● ចំណាំ ៖ បើ​ពាក្យ​ទាំង​នេះ​នៅ​ខាង​ដើម​គេ ដូច​ជា ពលកម្ម, វណ្ណកម្ម​ សច្ចភាព, ខេមរភាសា នោះ​គេ​មិន​ចាំ​បាច់​ដាក់​យុគល​ពិន្ទុ​ទេ ព្រោះ​ពាក្យ​ទាំង​នេះ​ជា​សមាសនាម ។
    ● លើក​លែង​តែ​ពាក្យ​ ៖ គណៈ ដែល​ទោះ​បី​វា​នៅ​ដើម​គេ ឬ​កណ្តាល​គេ​ក្តី ក៏​ត្រូវ​តែ​ប្រើ​យុគលពិន្ទុ​ជា​ដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធាន​រដ្ឋ... ព្រោះ​ថា​ក្នុងពាក្យ​ទាំង​នេះ​ “គណៈ” មិន​ចូល​ក្នុង​សមាសនាម​តាម​ក្បួន​ខ្នាត​វេយ្យាករណ៍​បាលី ។
    ● លើក​លែង​តែ​ពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ...​ ដែល​គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ ។ 
    ● រីឯពាក្យ ៖ កាលៈ​ទេសៈ គេ​ត្រូវ​ប្រើ​យុគលពិន្ទុក​ទាំង​ពីរ​ម៉ាត់​តែ​ម្តង​ ។ ក៏ប៉ុន្តែ បើ​គេ​សរសេរ​ពាក្យ​នេះ “ បញ្រ្ចាស ” មក​វិញ “ ទេសកាល ” នោះ គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ឡើយ ។ 
    ● ក្នុង​សម័យ​នេះ គេ​យក​យុគលពិន្ទុ​មក​ ប្រើ​ក្លាយ​ក្នុង​ឃ្លា​ប្រយោគ​ខ្លះ​ដែរ សម្រាប់​រាប់​រាយ​ឈ្មោះ​អ្វីៗ​ ដូច​ពាក្យ​ថា ទង់​ជាតិ​បារាំង​មាន ៣​ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែ​ជា​ទូទៅ អ្នក​និពន្ធ​ទាំង​ឡាយ​តែង​តែ​ប្រើ “ទ្វិពិន្ទុ​លេខ” ក្នុង​ករណី​រៀប​រាប់, ឧទ្ទេស បង្ហាញ... ព្រោះ​ការ​ប្រើ​សញ្ញា​ខណ្ឌបែប​នេះ​ត្រឹម​ត្រូវ និង​សម​ហេតុ​សម​ផល​ជាង ។ យើង​នឹង​បាន​ឃើញ​ព្រម​ទាំង​អធិប្បាយ​ពន្យល់ អំពី​ខណ្ឌ​សញ្ញា​នេះ​នៅ​ទំព័រ​ខាង​មុខ ។ 
១០-រជ្ជុស​ញ្ញា ឬ​សហសញ្ញា (-) “Trait d’union” 
    ជា​សញ្ញា​បន្ទាត់​ផ្ដេក​ខ្លីសម្រាប់​ប្រើ​ប្រាស់​បាន​ច្រើន​យ៉ាង​នៅ​ក្នុង​ការ​សរសេរ​អត្ថបទ ​ឬ​តែង​និពន្ធជា​ដើម ។ 
    ក/សម្រាប់​បំបែក​ព្យាង្គ​នៃ​ពាក្យ​មួយ​ កុំ​ឲ្យ​អាន​ច្រឡំ​ជា​ប្រកប ​នាំ​ឲ្យ​ខុស​ពាក្យ​ដូច​ជា ទូក-ង, ​កុក-ស,​ សម្បុរ-ស,​ខ្សែ-ក​...។ 
    ខ/សម្រាប់​ត​ភ្ជាប់​ពាក្យ​មួយ ដែល​សរសេរ​មិន​ទាន់​ចប់​នៅ​ចុង​ទំព័រ ហើយ​ត្រូវ​ត្រឡប់​មក​សរសេរ​នៅ​ដើម​បន្ទាត់​វិញ ។ 
    គ/ សម្រាប់​ភ្ជាប់​ពាក្យ​មួយ​ដែល​ដាច់​គ្នា ដើម្បី​តម្រូវ​ចាប់​ចុង​ចួន​ក្នុង​កំណាព្យ ។ 
    ឃ/ សម្រាប់​បញ្ជាក់​អំពី​ការ​ផ្លាស់​ប្តូរ​ឃ្លា​សន្ទនា​នៃ​តួ​ពីរ ឬ​ច្រើន​នាក់ ។ 
    ង/ សម្រាប់​សម្គាល់​នូវ​ការ​រៀបរាប់ ជា​លំដាប់​លំដោយ អំពី​គំនិត ​ឬ​ចំណុច​ប្លែកៗ​ ។
១១-កាក​បាទ ឬ​ជើង​ក្អែក (+) 
    គឺ​ជា​បន្ទាត់​ខ្លី​ពីរ ​មួយ​ផ្តេក​មួយ​ទៀត​បញ្ឈរ គូស​កាត់​ខ្វែង​គ្នា​ចំពាក់​កណ្តាល ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លីៗ​មួយ​ចំនួន​ ដែល​មាន​សូរ​សៀង​បង្អូស ​ឬ​ត្អូញ​ថ្ងូរ ដូច​ជា​ពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎... ។ ខាង​ផ្នែក​នព្វន្ត គេ​ប្រើ​សញ្ញា​ជើង​ក្អែក​ជា​សញ្ញា​បូក, ឧទាហរណ៍ ៖ ១៥+៣៨ ។
១២-លេខ​ទោ (ៗ) 
    សញ្ញា​នេះ​គេ​ប្រើ​សម្រាប់
    ក/- ផ្ទួន​ពាក្យ​ដែល​តម្រូវ​ឲ្យ​ថា ឬ​អាន​ពីរ​ដង, 
    ខ/- សម្រាប់​បញ្ជាក់​អំពី​ចំនួន​ច្រើន ឬ ពហុវចនៈ​ ។
    ● ចំណាំ ៖ មិន​មែន​កំណត់​ថា គ្រប់​តែ​ពាក្យ​ដែល​ត្រូវ​ថា​ឬ​អាន​ពីរ​ដង​នោះ ត្រូវ​តែ​ដាក់​លេខ​ទោ​ទាំង​អស់​នោះ​ ទេ ។ ពាក្យ​បាលី​ខ្លះ​ដែល​យក​មក​ប្រើ​ក្នុង​ភាសា​ខ្មែរ ដូច​ជា នានា ​ធម្មសង្វេគ គេ​ត្រូវ​សរសេរ​ពាក្យ “នានា”​​​​​​​​ នេះ​ត្រួត​គ្នា​ពីរ​ដង ដោយ​គោរព​ទៅ​តាម​វិធាន​បាលី ។ ដូច​ជា​ពាក្យ​ថា ឯហិមម...? ។ បើ​ប្រើ​ជា​មួយ​គុណនាម ​និយាយ​អំពី​ពណ៌​នោះ​ ពាក្យ​ស្ទួន​ដោយ​ប្រើ​លេខ​ទោ​ ចង់​បញ្ជាក់​អំពី​ប្រភេទ​ពណ៌ ដោយ​ឡែកៗ​របស់​វត្ថុ ។ 
    ចំពោះ​ពាក្យ​ខ្មែរ​ខ្លះ ដែល​មាន​សំឡេង​ដដែលៗ​ពីរ​ដង​ដូច​ជា​បបរ កករ ត្រូវ​តែ​សរសេរ​ពីរ​ដង​ជាន់​គ្នា​ដូច្នេះ​ជា​ដរាប ។ ហាម​ដាច់​ខាត មិន​ឲ្យ​សរសេរ បរៗ, ករៗ, បែប​នេះ​ឡើយ ។
    ● លេខ​ទោ​ប្រើ​ក្នុង​ករណី​បញ្ជាក់​ និង​ប្រៀប​ធៀប​ ។
    ● លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​មួយ​ព្យាង្គ​ ។
    ● លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​ពីរ​ម៉ាត់​ ។
    ● លេខ​ទោ​ប្រើ​ជំនួស​ពាក្យ​បី​ម៉ាត់​ឬ​ច្រើន​ព្យាង្គ ។
    ● ចំណាំ ៖ លេខ​ទោ​មិន​អាច​ប្រើ​ផ្ទួន​បាន​នៅ​ខាង​ចុង​ពាក្យ​ពិពណ៌នា អំពី​រូប​រាង​មនុស​ឬ​សត្វ ដូច​ជា កូន​គោ​នេះ​ធាត់​ទ្រលុក​លុក មុខ​ឡើង​កំប្លង់​ប្លង់​ដូច​វង់​ចន្រ្ទា ។ ស្គម​កំព្រឹង​ព្រឹង ។
    ● មិន​ត្រូវ​ប្រើ​លេខ​ទោនេះ​ក្នុង​ករណី​ប្រើ​ពាក្យ​ដដែល​ច្រើនដង 
ផ្នែកទី​៣
ខណ្ឌ​សញ្ញា (Signes de ponctuation) 
ខណ្ឌ​សញ្ញា គឺ​ជា​សញ្ញា​មាន​រូប​ភាព​ប្លែកៗ សម្រាប់​ប្រើ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ដើម្បី​សម្គាល់​លក្ខណៈ ទម្រង់​បែប​បទ ដែល​ជា​លំនាំ​ឲ្យ​ងាយ​យល់​ ឲ្យ​អាន​បាន​ត្រឹម​ត្រូវ ។
១-ក្បៀស ( , ) ឬ​កណ្ដក​សញ្ញា (La virgule)[9]
    សញ្ញា​នេះ ប្រើ​សម្រាប់​ញែក​ពាក្យ​ក្នុង​ប្រយោគ​ឲ្យ​ដាច់​ពី​គ្នា ទោះ​ពាក្យ​រៀប​រាប់​នោះ ជា​នាម​ក្តី ជា​គុណនាម​ក្តី ជា​កិរិយាស័ព្ទ​ក្តី ។ គួរ​កត់​សម្គាល់​ថា ការ​ប្រើ​ក្បៀស​ក្នុង​ការ​សរសេរ​របស់​ខ្មែរ​យើង ​ក៏​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ក្បៀស​របស់​លោក​ខាង​លិច​ដែរ ។ 
    ក/ ការ​ប្រើ​ក្បៀស​ក្នុង​ការ​ពិពណ៌នា រៀប​រាប់​ជំពូក​នាម
    ខ/​ ការ​ពិពណ៌នា​រៀប​រាប់​អសាធារណ​នាម
    គ/ ការ​ពិពណ៌នា​រៀប​រាប់​គុណនាម
    ឃ/ ការ​ពិពណ៌នា​រៀប​រាប់​កិរិយាស័ព្ទ
● កំណត់​សម្គាល់ នៅ​ក្នុង​ឃ្លា​ប្រយោគ​បរទេស​ដូច​ជា ភាសា​បារាំង អង់គ្លេស អេស្ប៉ាញ៉ុល​​ជា​ដើម​នោះ ប្រយោគ​ល្បះ​ណា​ដែល​ខ្មែរ​យើង​ត្រូវ​ប្រើ​ដក​ឃ្លា គេ​ប្រើ​ក្បៀស​ទាំង​អស់ ។ នេះ​អាច​ជា​ទម្លាប់​ភាសា​គេ ឬ​ក៏​ធ្វើ​ទៅ​តាម​ការ​តម្រូវ​ចាំ​បាច់ ​នៃ​ក្បួន​វេយ្យាករណ៍ របស់​គេ ។ 
អត្ថបទ​ខ្មែរ​យើង​ពី​បុរាណ ដែល​ចារ​នៅ​លើ​ក្រាំង​ក្ដី សាស្ត្រា​ស្លឹករឹត​ក្ដី នៅ​ក្នុង​ឃ្លា​ប្រយោគ​ទាំង​អស់នោះ​ ពុំ​ដែល​មាន​ប្រើ​ក្បៀស​ទាល់​តែ​សោះ ។ យើង​កត់​សម្គាល់​ឃើញ​ថា ចាប់​តាំង​ពី​ប្រទេស​យើង​ ឋិត​ក្រោម​របប​អាណានិគម​បារាំង​មក ប្រហែល​ដោយ​សារ​បាន​ទទួល​ឥទ្ធិពល ​ពី​របៀប​របប​សរសេរ​បែប​បារាំង យើង​ក៏​ចាប់​ផ្ដើម​ប្រើ​ក្បៀស​ជា​រៀង​រហូត​មក ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​សង្កេត​ឃើញ​មាន​ទំនោរ​ពីរ​គឺ ៖
    ក/-ប្រភេទ​ជន​ដែល​បាន​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅ​ជ្រះ​ភាសា​បារាំង ច្រើន​សរសេរ​ប្រើ​ក្បៀស ។
    ខ/-ប្រភេទ​ជន​ដែល​ចេះ​តែ​ភាសា​ខ្មែរ ក៏​ទទួល​យក​ទម្លាប់​មត៌ក​ពី​បុព្វបុរស​ជាន់​ដើម ហើយ​សរសេរ​ឥត​ប្រើ​ក្បៀស​ទេ ។
និយាយ​រួម​មក ការ​ប្រើ​ដក​ឃ្លា ជំនួស​ក្បៀស ឬ​ប្រើ​ដក​ឃ្លា​ផង និង​ប្រើ​ក្បៀស​ផង គឺ​មិន​មាន​អ្វី​ប្លែក​គ្នា​ខ្លាំង​ពេក​នោះ​ទេ ។ ប៉ុន្តែ​ការ​ប្រើ​ក្បៀស វា​មាន​ចរិត​ច្បាស់​លាស់​ប្រាកដ​ប្រជា​ជាង[10] ។ 
២-ទ្វិពន្ទុលេខ ឬ ចំណុច​ពីរ​គូស (៖) 
    សញ្ញា​ដែល​មាន​គំនូស​ផ្តេក​នៅ​ខណ្ឌ​ចន្លោះ​សូន្យ​ពីរ​ ​លើ​មួយ​ក្រោម​មួយ​នេះ គេ​ប្រើ​សម្រាប់ ៖
    ក/ ដាក់​នៅ​ចុង​បញ្ចប់​នៃ​ប្រយោគ ក្នុង​ន័យ​កត់​ត្រា​សម្តី​របស់​បុគ្គល​ណា​មួយ​ ដែល​គេ​ស្រង់​យក​មក​ដាក់​ក្នុង​សញ្ញា​អញ្ញ​ប្រកាស(“ ”) គេ​កត់​សម្គាល់​ឃើញ​ថា សញ្ញា​បែប​នេះ ច្រើន​តែ​ប្រើ​ក្នុង​ទម្រង់​រចនាបថ​ប្រយោគ​ពណ៌នា​ក្នុង​រឿង​ព្រេង, រឿង​និទាន, ការ​និយាយ​ប្រាប់​គ្នា​ពី​ហេតុ​ការណ៍​អតីតកាល ។ល។ 
    ខ⁄ សម្រាប់​ដាក់​នៅ​ចុង​ប្រយោគ​ណា ដែល​ត្រូវ​បន្ត​ទៅ​ដល់​ការ​រៀប​រាប់ ដោយ​ចាត់​ជា​ពួក, ជា​ផ្នែក ។
 សម្គាល់ ៖ មិន​ត្រូវ​ច្រឡំ​យុគល​ពិន្ទុ (ៈ) ជា​មួយ​និង​ទ្វិពិន្ទុ​លេខ (៖) ទេ ។ យុគល​ពិន្ទុ គ្រាន់​តែ​ចុច​ចំណុច​ពីរ​លើ​ក្រោម​ប៉ុណ្ណោះ, រីឯ​ទ្វិពិន្ទុ​លេខ គឺ​មាន​សូន្យ​លើ ( ° ) សូន​ក្រោម (°) ហើយ​មាន​រជ្ជុសញ្ញា​ខណ្ឌ​ចំកណ្តាល​ គឺ​យ៉ាង​នេះ (៖) ។ សព្វ​ថ្ងៃ​នេះ យើង​ឃើញ​គេ​ប្រើ​យុគល​ពិន្ទុ​តាម​បែប​អឺរ៉ុប ​ជំនួស​ទ្វិពិន្ទុ​លេខ ដោយ​មក​ពី​ទម្រង់​ពុម្ព​អក្សរ​លីម៉ុន (font Limon) ពុំ​មាន​សញ្ញា​ទ្វិពិន្ទុ​លេខ ក៏​តាំង​តែ​យក​យុគល​ពិន្ទុ​មក​ប្រើ​ជំនួស​ឲ្យ​តែ​បាន​ៗ សិន រង់​ចាំ​អ្នក​បច្ចេក​ទេស​រក​ឃើញ​សញ្ញា​ទ្វិពិន្ទុ​លេខ​​​ នោះ​នឹង​យក​មក​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​វេយ្យាករណ៍។ 
ប៉ុន្តែ​គេ​អាច​ប្រើ​យុគលពិន្ទុ​បាន​ នៅ​ក្នុង​ទម្រង់​លិខិត​ខ្លះៗ​ដូច​ជា កម្មវត្ថុ[11] ៖ ស្នើ​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​យោងៈ លិខិត​លេខ... ចុះ​ថ្ងៃ​ទី.... 
    កំណត់​សម្គាល់​អំពី​ការ​ប្រើ ឬ​មិន​ប្រើ​យុគលពិន្ទុ​នៅ​ពី​មុខ​ពាក្យ ​“ថា” ៖
    ក/ មិន​ប្រើ​យុគល​ពិន្ទុ ចំពោះ​តែ​ពាក្យ​ “ថា[12]” ណា​ដែល​ជា​និបាត​ស័ព្ទ​ ដែល​អាច​ប្រៀប​នឹង​ភាសា​បារាំង​ថា “Que” បាន​ដល់​ពាក្យ​ដែល​ត្រូវ​កត់​ត្រា​សម្តី​មិន​ផ្ទាល់​របស់​តួអង្គ មាន​និយាយ​ក្នុង“ Style indirect ” របស់​ភាសា​បារាំង ដូច​ជា​ពាក្យ ​៖ ពោល​ថា, និយាយ​ថា, ទំនាយ​ទាយ​ថា, តិះ​ដៀលថា, ជេរថា, ប្រាប់​ថា... ពាក្យ​ទាំង​នេះ គេ​មិន​ត្រូវ​ប្រើ​ដាក់​យុគល​ពិន្ទុ (ៈ) ពី​មុខ​ទេ ។
    ខ/ ត្រូវ​ប្រើ​យុគលពិន្ទុ គេ​ប្រើ​សញ្ញា​យុគល​ពិន្ទុ (ៈ[13]) ក្នុង​ករណី​កត់​ត្រា​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក​និពន្ធ ត្រូវ​គ្នា​នឹង​ទម្រង់​របស់​ភាសា​បារាំង​ថា (Style direct) ។
៣-បុច្ឆន​សញ្ញា (?) (Point d'interrogation) 
    ជា​សញ្ញា​ប្រើ​សម្រាប់​ដាក់​ពី​ខាង​ក្រោយ​ពាក្យ, ឃ្លា, ល្បះ ចោទ​សួរ​ជា​និច្ច ។ នៅ​ក្នុង​ពាក្យ, ល្បះ, ឃ្លា, ប្រយោគ​ដែល​ចោទ​សួរ គេ​តែង​ប្រើ​ជា​ចាំ​បាច់​នូវ​ពាក្យ ឬ​រូបមន្ត​ផ្សេង​មាន​ជា​អាទិ៍៖ តើ, ព្រោះ​អ្វី, ហេតុ​អ្វី, ដូច​ម្តេច, (ក៏, ឬ, បាន​ជា...) យ៉ាង​ម៉េច​ក៏..., អ្វី​ទៅ, ស្អីគេ, អង្កាល់, កាល​ណា, ... ។ល។ ពាក្យ​សម្រាប់​សួរ​អាច​នៅ​ដើម​ឃ្លា ឬ នៅ​ចុង​ឃ្លា​ក៏​បាន ។ ជួន​កាល​គេ​មិន​ចាំ​បាច់ ប្រើ​ពាក្យ​សួរ គេ​គ្រាន់​តែ​ដាក់​បុច្ឆនសញ្ញា​ទៅ​ក៏​បាន​ដែរ ។ 
​            -ល្បះ, ឃ្លា, ពាក្យ​សំណួរ​ខ្លីៗ ៖ ឃ្លាន​អ្វី? ម៉េច​ក៏​យំ? ទៅ​សាលា? ដើរ? ជិះកង់ ?
           -គប្បី​កត់​សម្គាល់​ថា សំណួរ​ដដែល​គ្រាន់​តែ​ផ្លាស់​ប្តូរ​ដាក់​ពាក្យ​ណា​មុន ពាក្យ​ណា​ក្រោយ ក៏​ឲ្យ​ន័យ ឬ រំលេច​ន័យ​ខុស​គ្នាដែរ ។ 
            ក្រៅ​ពី​នេះ រាល់​សំណួរ​ដែល​សុទ្ធ​តែ​មាន​បុច្ឆន​សញ្ញា​នៅ​ចុង​ល្បះ​ដូច​គ្នា​នេះ អាច​មាន​ន័យ​ខុស​ប្លែក​គ្នា ទៅ​តាម​សំឡេង​លើក​ដាក់​ថ្នាក់​ថ្នម គំហក​កំហែង ​អង្វរ​ករ​លន់​តួ ។
            មាន​បុច្ឆន​សញ្ញ​មួយ​បែប​ទៀត ដែល​ច្រើន​ឃើញ​ប្រើ​នៅ​ក្នុង​រូប​គំនូរ​កំប្លែង (Caricature) ។
៤-ឧទានសញ្ញា (!) (Point d'exclamation)
    សញ្ញា​បង្គោល​​បញ្ឈរ​ដែល​មាន​ចំណុច (!) មួយ​នៅ​ពី​ក្រោម​នេះ គេ​ប្រើ​សម្រាប់​ដាក់​នៅ​ពី​ក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់​ផ្អើល​តក់​ស្លុត​ ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់​ខាត បែ​បន់ អធិដ្ឋាន សម្រែក​ជយឃោស គំរាម​កំហែង ។ ជួន​កាល​គេ​ក៏​ប្រើ​ឧទាន​សញ្ញា​ជា​មួយ​នឹង​ឃ្លា កំហឹង បន្ទោស ​ឬ​ ជេរផងដែរ ។ 
៥-អញ្ញប្រកាស[14] ( “...” ) 

    គឺ​ជា​សញ្ញា​ឃ្នាប​ម្យ៉ាង ដែល​នៅ​ខាង​ដើម​មាន​រាង​កោង​ខ្វឹក​កួច​ពីរ​ឡើង​ទៅ​លើ ឯខាង​ចុង​ជា​សញ្ញា​ខ្វឹក​ពីរ​រាង​កោង កួច​ទម្លាក់​ចុះ​ក្រោម ។ គេ​ប្រើ​សញ្ញា​នេះ​សម្រាប់៖ 
    ក/ គាប ឬ​កត់​ត្រា​ដក​ស្រង់​សេចក្តី​សំខាន់​របស់​ជន​ណា​ម្នាក់ ទុក​ជា​សេចក្តី​ពិសេស​ដោយ​ឡែក ជា​ការ​រំលេច ​ឬ​បញ្ជាក់​ឲ្យ​ប្លែក​ពី​ន័យ​របស់​បរិបទ ។ 
    ខ/ ដក​ស្រង់​គំនិត, សម្តី​របស់​តួអង្គណា​មួយ​ក្នុង​រឿង ។ 
    គ/ ដក​ស្រង់​តួ​អង្គ​ណា​មួយ​ ដែល​មាន​កិត្តិស័ព្ទ​ល្បី​ល្បាញ 
    ឃ/ ដក​ស្រង់​សេចក្តី​ឬ​អត្ថន័យ​មាន​លក្ខណៈ​លេច​ធ្លោ ។
៦-អព្ភន្តរ​សញ្ញា[15] (‘...’) 
    សញ្ញា​នេះ ខុស​ប្លែក​ពី​អញ្ញ​ប្រកាស ដោយ​ប្រើ​តែ​ខ្វឹក​សញ្ញា​មួយ​នៅ​ខាង​ដើម និង​ក្បៀស​សញ្ញា​មួយ​នៅ​ខាង​ចុង ។ របៀប​ប្រើ​នស​អព្ភន្តរ​សញ្ញា​ខុស​គ្នា​បន្តិច ​ពី​សញ្ញា​អញ្ញប្រកាស ដោយ​ប្រើ​អព្ភន្តរ​សញ្ញា​ជា​ឃ្នាប​ពាក្យ​ឋិត​នៅ​ក្នុង​រង្វង់​ផែន​ពាក្យ ​ដែល​ដាក់​ឃ្នាប​ដោយ​សញ្ញា​អញ្ញ​ប្រកាស ។ 
សូម​អនុញ្ញាត​ជម្រាប​ថា៖ នៅ​ក្នុង​សៀវភៅ​ឯកសារ​ជា​ទូទៅ​ គេ​កម្រ​ឃើញ​អ្នក​និពន្ធ​ប្រើ​សញ្ញា​នេះ​ណាស់ ។ ជួន​កាល​គេ​ប្រើ​អព្ភន្តរ​សញ្ញា ឬ​អញ្ញ​ប្រកាស ក្នុង​គោល​ដៅ​តែ​មួយ​ដូច​គ្នា ។ នៅ​ក្នុង​សៀវភៅ​វេយ្យាករណ៍​របស់​លោក ពូវ អ៊ុម លោក​ចាត់​ទុក​អព្ភន្តរ​សញ្ញា​ថា ជា​សញ្ញា​អញ្ញ​ប្រកាស (​ សៀវភៅ​វេយ្យាករណ៍ ពូវ ​អ៊ុម ទំព័រ ៨ ) ចំណែក​នៅ​ក្នុង​វចនានុក្រម​សម្តេច​ជួន​ណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏​បង្ហាញ​អព្ភន្តរ​សញ្ញា “​ ....” មាន​រូប​សណ្ឋាន​យ៉ាង​នេះ​ដែរ ។ លោក​បាន​ពន្យល់​ពាក្យ​អព្ភន្តរ​សញ្ញា​យ៉ាង​នេះ​ថា ៖ ពាក្យ​សន្មត​ហៅ​វណ្ណយុត្តិ ដែល​ពួក​វេយ្យាករណ៍​បណ្ឌិត​ក្នុង​ប្រទេស​អឺរ៉ុប បង្កើត​ឡើង​សម្រាប់​ប្រើ​រាំង​ពាក្យ ឬ​សេចក្តី​មាន​រូប​សណ្ឋាន​ពីរ​បែប​គឺ (“...”) ឬ («...»)[16] ។ 
    ដូច្នេះ ដោយ​យល់​ឃើញ​ថា កិច្ច​ការ​សរសេរ​តែង​និពន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​សភាព​ល្អិត​ល្អន់​ស៊ី​ជម្រៅ និង​ហ្មត់​ចត់ យើង​គួរ​តែ​បញ្ចូល​អព្ភន្តរ​សញ្ញា ដែល​មាន​រូប​សណ្ឋាន​បែប​នេះ ( ‘... ’ ) មក​ប្រើ​បន្ថែម​ទៀត ដោយ​បំបែក​ចេញ​ពី​អញ្ញ​ប្រកាស ( “...” ) ។
៧-មច្ឆណ្ឌ​សញ្ញា ឬ ពងត្រី (...) (point de Suspension)
    ជួន​កាល​គេ​ហៅ​ថា (ចំណុច​រាយ) ផង​ក៏មាន ។ សញ្ញា​ដែល​មាន​ចំណុច​បី​បន្ត​បន្ទាប់​ជាប់​គ្នា​នេះ សម្រាប់​សម្គាល់​ប្រយោគ​ណា​មួយ ដែល​នៅ​មាន​សេចក្តី​បន្ត​ទៀត ប៉ុន្តែ​អ្នក​សរសេរ​បាន​ផ្អាក​បញ្ឈប់​លែង​ពណ៌នា ដោយ​ដាក់​សញ្ញា​ពងត្រី​នេះ ប្រាប់​ជា​ដំណឹង ។ របៀប​ប្រើ​ពង​ត្រី​មាន​បែប​ផែន​ប្លែកៗ​ដូច​តទៅ ៖
    ក/ ជា​សញ្ញា​កាត់​ពាក្យ​សម្តី​គូសន្ទនា​ម្នាក់​ ដែល​កំពុង​និយាយ​ឲ្យ​ដាច់​កណ្តាល​ឃ្លា ។ 
    ខ/ ជា​សញ្ញា​សម្រាប់​ផ្អាក​ពាក្យ​សម្តី មិន​ចង់​និយាយ​បន្ត​ដោយ​ទុក​ឲ្យ​គូសន្ទនា​យល់ ឬ ក៏​បង្កប់​ទុក​នូវ​ពាក្យ​គំរាម​កំហែង ពាក្យ​បណ្តាសា... ។ ​
    គ/ ផ្អាក​សេចក្តី​ត្រឹម​ប៉ុណ្ណឹង​សិន ឬ​ស្លេះ​ទុក ដោយ​មិន​ចង់​ឲ្យ​សេចក្តី​មាន​ន័យ​ដូច​គ្នា​នេះ វែង​អន្លាយ​ពេក ។ 
    ឃ/ សម្រាប់​ប្រាប់​អំពី​ពាក្យ​ឃ្លា ដែល​បាត់​រលុប​មាន​សេចក្តី​មិន​ច្បាស់ ដក​យក​ចេញ​ពី​សិលាចារឹក​ជា​ដើម ។ 
៨-វង់​ក្រចក ឬ​នខសញ្ញា ( ) 
    បាន​ជា​គេ​ឲ្យ​ឈ្មោះ​ដូច្នេះ ព្រោះ​វា​មាន​សណ្ឋាន​រាង​កោង​ដូច​វង់​ក្រចក​យើង​ពិតៗ ។ គេ​ប្រើ​សញ្ញា​វង់​ក្រចក​សម្រាប់ ៖
    ក/ គាប​ពាក្យ ឬ​សេចក្ដី​ ដែល​គេ​ចង់​ពន្យល់​ន័យ ។ 
    ខ/ គាប​ពាក្យ​ដែល​សរសេរ​ជា​អក្សរ​កាត់ ។ 
៩-វង់​តង្កៀប [.....] 
    នៅ​ក្នុង​ភាសា​ខ្មែរ​គេ​មិន​ស្រូវ​ប្រើ​សញ្ញា​វង់​តង្កៀប​នេះ​ទេ​ព្រោះ​យើង​មាន​វណ្ណយុត្តិ​ និង​ខណ្ឌ​សញ្ញា​យ៉ាង​ច្រើន សម​ស្រប​នឹង​ប្រើ​ក្នុង​អត្ថបទ​ជា​ភាសា​ខ្មែរ​គ្រប់​គ្រាន់​អស់​ហើយ ។ ប៉ុន្តែ​នៅ​ក្នុង​ការ​គណនា​លេខ​ផ្នែក​ពីជគណិត​(Algèbre) យើង​យក​មក​ប្រើ​តាម​ពួក​អឺរ៉ុប ។ 
១០-រ៉ាត់ ឬ​ឃ្នាប ( } ឬ { ....} ) (Accolade) 
    សញ្ញានេះ ខ្មែរ​ខ្លះ​ហៅ​ថា ពុក​មាត់​មេ​អំបៅ ។
    ក/ នៅ​ក្នុង​មុខ​វិជ្ជា​ពីជគណិត របៀប​ប្រើ​ឃ្នាប ឬ​រ៉ាត់​មាន​ន័យ​ដូច​គ្នា នឹង​ការ​ប្រើ​តង្កៀប ឬ​វង់​ក្រចក​ដែរ ។ គេ​តែង​តែ​ប្រើ​រ៉ាត់​មួយ​សម្រាប់​បើក ( { ) និង​រ៉ាត់​មួយ​ទៀត​សម្រាប់​បិទ ( } ) គឺ​បែប​នេះ {.....} ។ 
    ខ/ រ៉ាត់​បើក និង​រ៉ាត់​បិទ​នេះ ប្រើ​សម្រាប់​គាប​ពាក្យ​ពីរ ឬ​ច្រើន​ជា​ការ​សម្គាល់​ថា ពាក្យ​ទាំង​នោះ​មាន​មុខ​ងារ​រួម​ដូច​គ្នា មិន​បាច់​សរសេរ​ដដែល​ច្រើន​ដង​នាំ​ខាត​ពេល ។ 
១១-បេយ្យាលៈ ឬ លៈ (។ល។) 
គេ​មិន​សូវ​អាន​ថា បេយ្យាលៈ​ទេ ព្រោះ​វែង​ពេក ​គេ​អាន​កាត់​យក​តែ​ខាង​ចុង​ត្រង់​សូរ​ថា ឡាក់, ឡៈ សរសេរ​ថា ៖ (។ល។) ត្រូវ​នឹង​ពាក្យ​បារាំង​ថា (et cetera) សរសេរ​អក្សរ​កាត់​ថា (etc.) ។ ​គេ​ប្រើ​សម្រាប់​បំព្រួញ​សេចក្តី​ឯណា​នីមួយ ឬ​ការ​រៀប​រាប់​ដែល​វែង​ឲ្យ​នៅ​ខ្លី ដោយ​គិត​ថា អ្នក​អាន​ក៏​ដឹង​ថា នៅ​មាន​ពាក្យ និង​សេចក្តី​អ្វី​ខ្លះ​ទៀត ។ 
១២- ខណ្ឌ ឬ ខណ្ឌសញ្ញា (។) 
    គេ​ប្រើ​សញ្ញា​ខណ្ឌ​នេះ សម្រាប់​រាំង​ខាំង​ប្រយោគ ឬ​សង្កាត់​នៃ​សេចក្តី​នីមួយៗ ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា ។ កាល​ណា​ប្រយោគ​មួយ​ចាប់​សេចក្តី​ហើយ​ គេ​ត្រូវ​ដាក់​សញ្ញា (។) នេះ មុន​នឹង​បន្ត​ទៅ​ប្រយោគ​មួយ​ទៀត ។ ខណ្ឌ​សញ្ញា ធ្វើ​ឲ្យ​គេ​ងាយ​យល់ អាច​ញែក​សេចក្តី​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយ មិន​ឲ្យ​ច្រឡំ​ន័យ នាំ​ច្របូក​ប្របល់ ។ ហើយ​នៅ​ចន្លោះ ខណ្ឌ​សញ្ញា ការ​ដក​ឃ្លា ក៏​ជួយ​សម្រួល​ឲ្យ​អ្នក​អាន​ងាយ​យល់​ ងាយ​ចាប់​សេចក្តី​បាន ។ មាន​តែ​ការ​ប៉ិន​ប្រសប់​របស់​អ្នក​សរសេរ​តែង​និពន្ធ​ទេ ដែល​អាច​យល់​ដឹង​ដល់​ការ​ចាំ​បាច់​នៃ​ការ​ដក​ឃ្លា ការ​ដាក់​ខណ្ឌ​សញ្ញា​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ទើប​ធ្វើ​ឲ្យ​អត្ថបទ​មាន​តម្លៃ មាន​ន័យ​គួរ​ជា​ទី​ចាប់​អារម្មណ៍ ។ 
ប៉ុន្តែ​កាល​ណា​គេ​ត្រូវ​ប្តូរ​គំនិត​ចូល​ទៅ​វគ្គ ឬ​កថាខណ្ឌ​ថ្មីនោះ គេ​ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ទៅ​ចុង​បញ្ចប់​ប្រយោគ រួច​ហើយ​ត្រូវ​ចាប់​សរសេរ​ដោយ​ចុះ​ទៅ​បន្ទាត់​ថ្មី ជា​មួយ​នឹង​ការ​ចោល​លំហ​បន្តិច​ដែល​គេ​តែង​និយម​ហៅ​ថា ខណ្ឌ ចុះ​បន្ទាត់​ឬ​ចោល​បន្ទាត់ និង​ចាប់​ដើម​បន្ទាត់ (នេះ​ជា​ការ​ប្រាប់​ដំណឹង​របស់​អ្នក​ហៅ​សរសេរ​តាម​សូត្រ ) 
១៣- ខណ្ឌចប់ ( ៕ ) 
    ជា​សញ្ញា​សម្រាប់​ដាក់​បញ្ចប់​អត្ថបទ ឬ​រឿង​មួយ​តែ​ត្រឹម​នេះពុំ​មាន​ត​សេចក្តី ឬ​រឿង​រ៉ាវ​ទៅ​មុខ​ទៀត​ឡើយ ។
១៤- អាទិសង្កេត ( . ) 
    គឺ​ជា​ចំណុច​មួយ​ដែល​ដាក់​ពី​មុខ​អក្សរ ដែល​គេ​សរសេរ​កាត់​ដូច​ជា ស.រ.អា. (សហរដ្ឋ​អាមេរិក), អ.ស.ប. (អង្គការ​សហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត) ​ជួន​កាល​គេ​ប្រើ​អាទិសង្កេត ដើម្បី​ដាក់​ពី​មុខ​លេខ​រៀង មាតិកា​ដែល​រៀប​រាប់​ចំណង​ជើង​រង (Sous-titre) ដូចជា ៖
    ១. មង្គល​ការ អបមង្គល
    ២. ស្វា​ស្អប់​ចេក ក្អែក​ស្អប់​ពង​មាន់
    ៣. ចង់​រត់​ចេញ​ពី​សង្គម... 
    ជួន​កាល​ក្នុង​ករណី​ដូច​ខាង​លើ​នេះ គេ​ប្រើ​រជ្ជុ​សញ្ញា (-) ខ្លះ ៗ ​ដែរ ។ 
១៥- កុក្កុដនេត្រ ឬ ភ្នែក​មាន់ (៙) 
    បុព្វក​វី​និពន្ធ​ខ្មែរ​ធ្លាប់​ប្រើ​សញ្ញា​នេះ សម្រាប់​ចាប់​ផ្តើម​សរសេរ​អត្ថបទ ឬ​សេចក្តី​រឿង​អ្វី​មួយ ដើម្បី​កំណត់​ទុក​ជា​ចំណុច​ចាប់​ផ្តើម ។ តែ​ពេល​បច្ចុប្បន្ន​នេះ អ្នក​និពន្ធ កវី​លែង​ប្រើ​សញ្ញា​នេះហើយ ។ ជា​ពិសេស​នៅ​ពេល​ចាប់​ផ្តើម​សរសេរ​កំណាព្យ នោះ​កវី​បុរាណ​យើង​ច្រើន​ប្រើ​សញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ន​នេះ មាន​កវីសម័យ​ទំនើប​ខ្លះ​ក៏​ផ្តើម​ប្រើ​សញ្ញា​ផ្នែក​មាន់ ដែល​មាន​ក្បៀស​ពីរ​នេះ នៅ​ពេល​ចាប់​ផ្តើម​បើក​បទ​កំណាព្យ ។ 
១៦-ខណ្ឌបរិយោសាន ឬ គោ​មូត្រ (។៚) 
    គឺ​ជា​សញ្ញា​យក​តាម​រូប​សណ្ឋាន​ដាន​នោម​គោ ដែល​នោម​ផង​ដើរ​ផង បណ្តាល​ឲ្យ​មាន​រាង​ក្ងិ​ក្ងក់​បែប​នេះ ហើយ​ខ្មែរ​បុរាណ​ក៏​សន្មត​យក​មក​ធ្វើ​ជា​សញ្ញា​ខណ្ឌ​បញ្ចប់ ដែល​ហៅ​តាម​ពាក្យ​បាលី​ថា “គោ​មូត្រ” គឺ​នោម​គោ​ដូច្នេះ​ទៅ ។ ចាស់​បុរាណ​លោក​ប្រើ​ខណ្ឌ​បរិយោ​សាន ឬ បរិយាន ឬ​គោ​មូត្រ​នេះ សម្រាប់​បញ្ជាក់​សេចក្តី​និយាយ​ពី​រឿង​រ៉ាវ​អ្វី​មួយ​ឬ​អត្ថបទ​ បទ​បាទ​បាលី​គាថា​ណា​មួយ ។ សព្វ​ថ្ងៃ​នេះ អ្នក​និពន្ធ​មួយ​ចំនួន បាន​ប្រើ​សញ្ញា​ពីរ​គឺ៖ ឬ​មួយ ៕ ឬ​មួយ ។៚ ។ ការ​​​​ប្រើ​គោមូត្រ​នេះ គឺ​ចង់​រក្សា​សម្បត្តិ​វប្បធម៌​ពី​បុរាណ​ឲ្យ​នៅ​គង់​វង្ស ។យើង​ឃើញ​អ្នក​កាសែត​មួយ​ចំនួន មាន​ប្រើ​សញ្ញា​គោ​មូត្រ​ផង​ដែរ ៕៚ 
១៧-អំពី​លេខ​ខ្មែរ 
    តាំង​ពី​យូរ​មក​ហើយ ​ខ្មែរ​យើង​ប្រើ​លេខ ព្រម​ជា​មួយ​នឹង​ការ​បង្កើត​តួ​អក្សរ សម្រាប់​ចារឹក ​និង​កត់​ត្រា​​ហេតុ​ការណ៍​ផ្សេងៗ ។ លេខ​មាន​សារៈ​សំខាន់​ ជា​ពិសេស​ក្នុង​ការ​កត់​ត្រា​ចំនួន​លុយកាក់​ គោ​ក្របី ស្រែ​ភ្លឺ​ ខ្ញុំ​កំដរ... ។ កត់ត្រា អាយុ (ចំនួន​ឆ្នាំ) ដែល​ខ្លួន​រស់​នៅ​កត់​ត្រា​ចំនួន​ប្រាក់ ដែល​គេ​មក​ខ្ចី​បុល... ។ 
នៅ​ពេល​បច្ចុប្បន្ន លេខ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​គណនា​លុយ​កាក់​ថវិកា​ចំណូល​ចំណាយ ។ ពិសេស​ស្ថាប័ន​ហិរញ្ញវត្ថុ, ស្ថាប័ន​សេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវ​ការ​ប្រើ​ប្រាស់​តួលេខ​ជា​ចម្បង​បំផុត ។ ព្រោះ​តែ “លេខ” មាន​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម​នេះ​ហើយ ​ទើប​មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​ចែង​ថា​៖​“សម្តីជាឯក ​លេខ​ជា​ទោ អក្សរ​ជា​ត្រី ” តាំង​ពី​សម័យ​ដើម​មក​ទល់​ពេល​នេះ ទម្រង់​បែប​ផែន​លេខ​ដែល​ខ្មែរ​យើង​ប្រើ​ប្រាស់​មាន៖
    ក/ លេខ​ទំនើប​ដែល​ខ្មែរ​យើង​ប្រើ​សព្វ​ថ្ងៃ​គឺ ៖
    0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។
    ខ/ លេខ​អារ៉ាប់ ៖
    0, 1, 2, 3, 4, 5, 6, 7, 8, 9 ។
    ស្ទើរ​តែ​នៅ​លើ​សកល​លោក​ គេ​ប្រើ​លេខ​នេះ ទុក​ដូច​ជា​លេខ​អន្តរ​ជាតិ​ទៅ​ហើយ ។ 
    គ/ លេខ​ខ្មែរ​បុរាណ
    លេខ​ប្រភេទ​នេះ មាន​តែ​ពួក “ ហោរា ” (Astrologue) ប៉ុណ្ណោះ ​ដែល​ប្រើ​ក្នុង​ការ​ទស្សន៍​ទាយ ជោគ​តារាសី​ឲ្យ​មនុស្ស​ទូទៅ និង​ទស្សន៍​ទាយ​មើល​សុខ​ទុក្ខ, ​ព្រឹត្តិការណ៍, ទឹក​ភ្លៀង​ ឬ​កេណ្ឌ​ធារាសាស្រ្ត​ផលាផល​ប្រចាំ​ឆ្នាំ សម្រាប់​ចុះ​ផ្សាយ​ក្នុង​មហាសង្រ្កាន្ត ។ គេ​រាប់​លេខ​នេះ​ថា ៖ ឯក, ទោ, ត្រី, ចត្វា, បញ្ច, ឆ, ស័ប្ត, អដ្ឋ, នព, សំរិទ្ធិ ។ សូម​បង្ហាញ​ជូន​នូវ​រូប​សញ្ញា​នៃ​លេខ​ខ្មែរ​បុរាណ​ដូច​ខាង​ក្រោម ៖
៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹ ។
    ឃ/​លេខ​រ៉ូម៉ាំង (Chiffre romain)
    លេខ​រ៉ូម៉ាំង ច្រើន​សរសេរ ៖
    ក-​ នៅ​លើ​មុខ​នាឡិកា​ប៉ោល​ព្យួរ​ជញ្ជាំង
    ខ- សម្រាប់​កត់​ត្រា ភាគ, ជំពូក, ផ្នែក, នៃ​អត្ថបទ ឯកសារ​សៀវភៅ​ផ្សេងៗ ។ខាងក្រោម​នេះ គឺ​រូប​សញ្ញា​តួនៃ​លេខ​រ៉ូម៉ាំង I, II, III, IV, V, VI, VII, VIII, IX, X [17]។
    នៅ​​​កម្ពុជា​យើង​ គេ​ប្រើ​ទាំង​អស់ លេខ​ទាំង​ប៉ុន្មាន​ដែល​បាន​បង្ហាញ​ជូន​ខាង​លើ ។ លើក​លែង​តែ​អស់​លោក​“ហោរា” ទេ ដែល​ប្រើ​លេខ​ខ្មែរ​បុរាណ ក្នុង​ការ​គណនា​ទស្សន៍ទាយ តាម​លេខ​អត្តៈ​ទស្សន៍​ទាយ ជោគ​ជតា​រាសី ។
១៨-ការ​ចុះ​កាល​បរិច្ឆេទ 
    ការ​ចុះ​កាល​បរិច្ឆេទ​មាន​តួនាទី​សំខាន់​ជា​ចម្បង ព្រោះ​តាម​រយៈ​កាល​បរិច្ឆេទ គេ​អាច​ដឹង​អំពី​កាល​វេលា ​ដែល​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្រ្ត​នានា​បាន​កើត​ឡើង ។ ឧ. កាល​បរិច្ឆេទ​នៃ​ការ​ឡើង​សោយ​រាជ្យ​នៃ​ស្តេច​អង្គណាមួយ, កាល​បរិច្ឆេទ​នៃ​ការ​កសាង​ប្រាសាទ... កាល​បរិច្ឆេទ​នៃ​ជ័យ​ជម្នះ​របស់​ជាតិ​យើង ​ទៅ​លើ​គូស​ត្រូវ កាល​បរិច្ឆេទ​នៃ​ការ​ចាក​ចោល​ក្រុង​អង្គរ... កាល​បរិច្ឆេទ​នៃ​ការ​ផ្លាស់​ប្តូរ​រាជធានី ។ល។ នៅ​ក្នុង​គ្រួសារ​មួយ ​ការ​សាង​សង់​ផ្ទះ​ថ្មី ក៏​មាន​ចារឹក​កាល​បរិច្ឆេទ​ទុក​ជា​សម្គាល់ ​សម្រាប់​ឲ្យ​សមាជិក​គ្រួសារ​ជំនាន់​ក្រោយៗ​បាន​ដឹង​។ នៅ​តាម​ចេតិយ ម៉ុង​បញ្ចុះ​សព ក៏​គ្រួសារ​នីមួយៗ តែង​តែ​សរសេរ​ឈ្មោះ បុគ្គល​ជា​សាច់​ញាតិ​ដែល​ស្លាប់ ។ 
    - ការ​ចុះ​កាល​បរិច្ឆេទ​តាម​បែប​បុរាណ 
ចាប់​ពីរវាង​សតវត្សទី១៦ រហូត​មក​ទល់​​​ដើម​សម័យ​ភ្នំ​ពេញ​បុព្វ​បុរស​យើង​ប្រើ​របៀប​ម្យ៉ាង​ សម្រាប់​ធ្វើ​ជា​រូប​មន្ត​នៃ​​ការ​ចុះ​កាល​បរិច្ឆេទ ។ គោល​សំខាន់​នៃ​រូប​មន្ត​នោះ គឺ​លោក​ដាក់​សញ្ញា​ខណ្ឌ (។) ទុក​ជា​គោល​សម្រាប់​ធ្វើ​ស្នូល​កណ្តាល ។ យើង​ឃើញ​ការ​ចុះ​កាល​បរិច្ឆេទ​របៀប​នេះ នៅ​លើ​ចេតិយ នៅ​លើ​សំណង់​ផ្សេងៗ ខាង​ពុទ្ធសាសនា ជា​ពិសេស យើង​ឃើញ​នៅ​គ្រប់​តែ​សន្លឹក​ខាង​ដើម​បំផុត ឬ​សន្លឹក​ចុង​បញ្ចប់​នៃ​សាស្រ្តា​សឹ្លក​រឹត ។ ឧទាហរណ៍៖ ថ្ងៃ​អង្គារ ១១ កើត ពិសាខ ព.ស. ២៥៤៩ គ.ស. ២០០៥ នោះ​គេ​សរសេរ​បែប​នេះវិញ ៖ 
                                                ព.ស. ២៥៤៩
            ៣ ᧫ ៦ ឆ្នាំ​មមែ           ____________
                                                គ.ស. ២០០៥ 
    នេះ​គឺ​ជារបៀប​ចុះ​កាល​បរិច្ឆេទបែប​សង្ខេប​ខ្លី ។ ខ្ញុំ​គ្រាន់​តែ​សូម​ជម្រាប​ថា ដើម្បី​ចេះ​ចុះ​កាល​បរិច្ឆេទ​របៀប​បុរាណ​នេះ គេ​ត្រូវ​ចេះ​ចាំ​ថ្ងៃ​ទាំង​ ៧ ឲ្យ​ស្ទាត់ គឺ ​អាទិត្យ (លេខ១) ច័ន្ទ (លេខ២) អង្គារ (លេខ៣) ពុធ (លេខ៤) ប្រហស្បតិ៍ (លេខ៥) សុក្រ (លេខ៦) សៅរ៍ (លេខ៧) ។ រួច​ហើយ​ត្រូវ​ចេះ រាប់​ខែ​ចន្ទគតិ​ឲ្យ​ស្ទាត់ ​ដោយ​ដាក់​លេខ​ឲ្យ​ខែ​នីមួយៗ​ផង​គឺ៖ មិគសិរ (លេខ១) បុស្ស (លេខ២) មាឃ (លេខ៣) ផល្គុន (លេខ៤) ចេត្រ (លេខ៥) ពិសាខ (លេខ៦) ជេស្ឋ (លេខ៧) អាសាឍ (លេខ៨) ស្រាពណ៍ (លេខ៩) ភទ្របទ (លេខ១០) អស្សុជ (លេខ១១) កត្តិក (លេខ១២) ។​ ការ​គិត ​ខ្នើត​ រនោច គឺលោក​កំណត់​ឲ្យ​ដាក់​ខ្នើត​នៅ​ខាង​លើ​សញ្ញា​ខណ្ឌ, ឲ្យ​ដាក់​រនោចនៅ​ខាង​ក្រោម​សញ្ញាខណ្ឌ ។ ឧទាហរណ៍ ៖ ថ្ងៃ​សៅរ៍ ៣ រោច ខែ អាសាឍ គ.ស. ២០០១ ព.ស. ២៥៤៨ ត្រូវ​សរសេរ​ដូច​ខាង​ក្រោម ៖​ 
​​                                    ព.ស. ២៥៤៨
            ៧᧳៨ ​ឆ្នាំ​ឆ្លូវ     ____________
                                    គ.ស. ២០០៤
១៩-អំពី​ទម្រង់​ផ្សេងៗ ​នៃ​អក្សរ​ខ្មែរ ( Les différents types de caractères Khmers ) 
    អក្សរ​ខ្មែរ មាន​ទ្រង់​ទ្រាយ​ច្រើន​បែប, មាន​ដូច​ជា ៖
    ក/ អក្សរ​ជ្រៀង (Ecriture penchée) ៖
    អក្សរ​ជ្រៀង​ គឺ​ជា​អក្សរ​ដៃ (manuscrit) មាន​ជំហរ​រាង​ទ្រេត​ទៅ​មុខ ។ 
    ខ/​ អក្សរ​ត្រង់ (Eeriture droite)
    គឺ​ជា​ទម្រង់​អក្សរ ​ដែល​គេ​សរសេរ​ ឲ្យ​មាន​ជំហរ​ត្រង់​ ទៅ​លើ​តាម​ទំនង​បន្ទាត់​បញ្ឈរ (vertical) ។
ប៉ុន្តែ គេ​កម្រ​ឃើញ​ទម្រង់​អក្សរ​ សរសេរ​ទ្រេត​​ទៅ​ខាង​ឆ្វេង​ណាស់ (ទ្រេត​ទៅ​ក្រោយ) ។ 
    គ/ អក្សរ​មូល[18]
    អក្សរ​មូល គឺ​ជា​ប្រភេទ​អក្សរ ដែល​មាន​ទម្រង់​មូល ។ គេ​ច្រើន​សរសេរ​អក្សរ​មូល ​នៅ​ក្នុង​សៀវភៅ​ធម៌ ជា​ភាសា​បាលី ឬ សំស្រ្កឹត ។ ម្យ៉ាង​ទៀត ការ​សរសេរ​មន្ត​អាគមគាថា លើ​កន្សែង​យ័ន្ត​លើ​អាវ​តេជះ សាក់​លើ​ខ្លួន​ប្រាណ, ក៏​គេ​និយម​ប្រើ​អក្សរ​មូល​ដែរ ។ នៅ​ទូទាំង​ស្រុក​សៀម(ថៃ) កាល​ណា​គេ​សរសេរ​បាលី​គាថា​ មន្ត​អាគម​ គឺ​គេ​សរសេរ​អក្សរ​មូល​ខ្មែរ​ទាំង​អស់ ។ គេ​និយម​យល់​ថា កាល​ណា​គេសរសេរ​អក្សរ (​សៀម) នៅ​លើ​យ័ន្ត​ មន្ត​អាគម​គាថា នោះ​មិន​ពូកែ​សក្តិសិទ្ធិ ​ដូច​សរសេរ​អក្សរ​មូល​ខ្មែរ​ទេ ។
ករណី​លើក​លែង
    ប៉ុន្តែ​ដោយ​ឡែក ហើយ​នេះ​ជា​ករណី​ពិសេស ដែល​ជា​ទម្លាប់​របស់​ខ្មែរ​យើង​ស្រាប់​ផង នៅ​លើ​ស្លាក (Enseigne) យីហោផ្ទះ​ជំនួញ ស្លាក​របស់​មន្ទីរ​ក្រសួង​នានា ឈ្មោះ​ចំណង​ជើង​សៀវភៅ​ឈ្មោះ​អ្នក​និពន្ធ... នោះ​គេ​ច្រើន​តែ​សរសេរ​អក្សរ​មូល​ផង​ដែរ ។ ឧទាហរណ៍ ៖
រោង​ចក្រ​ម៉ុង​ហួត, ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាម​ពល, វចនានុក្រម​បារាំង-ខ្មែរ ដោយ​លោក តិប យក់, ថាវ-គន្ធ សម ថាំង​... ។ល។

ឃ/ អក្សរ​ខម[19]

    អក្សរ​ខម​នេះ មាន​ទម្រង់​ទ្រង់​ទ្រាយ​មូល ​ប្រហាក់​ប្រហែល​នឹង​អក្សរ​មូល​ដែរ ប៉ុន្តែ​មាន​ចំណុច​ប្លែក​គ្នា​ខ្លះៗ ដូច​ជា៖
    -អក្សរ “ក” មាន​ពីរ​ជាន់ ជើង​បី​បែប​នេះ “ក” ។
    -គ្រប់​តួ​អក្សរ ច្រើន​តែ​មាន​ងៀង​ជ្រុង​បន្តិច ​នៅ​ត្រង់​ចុង​មុម​ ។
    -អក្សរ “ឞ ” មាន​បន្ទាត់ វះ​ពោះ​ភ្ជាប់​ពី​ម្ខាង​ដល់​ម្ខាង “ម”[20] ។
    -ស្រៈ “ ែ ” មាន​ទម្រង់​បែប​នេះ “ែ”[21]
    គេ​ប្រើ​សរសេរ​អក្សរ ​ខម ប្រហាក់​ប្រហែល​គ្នា​នឹង​អក្សរ​មូល​ដែរ តែ​មិន​សរសេរ​ក្នុង​យ័ន្ត គាថា​ទេ ។ គេ​ច្រើន​សសេរ​ចុះ​ចំណង​ជើង​សៀវភៅ , ចំណង​ជើង​អត្ថបទ , ឈ្មោះ​ជំពូក, វគ្គ, ផ្នែក​នៃ​សៀវភៅ​មួយ ។ ដោយ​ចង់​ថែរក្សា​ទម្រង់​អក្សរ​ បន្សល់​ទុក​មក​ដោយ​បុព្វបុរស​ខ្មែរ គេ​ចម្លង​គំរូ​អក្សរ​ខម​នេះ ពី​សិលាចារឹក ក្រោយ​អង្គរ​ខ្លះ ពីសាស្រ្តា​ស្លឹក​រឹត​ខ្លះ រក្សា​ទុក​ជា​កេរមត៌ក​ខាង​អក្សរ​សាស្រ្ត កុំ​ឲ្យ​បាត់​បង់ ។ 
២០-ការ​ប្រើ​ឈ្មោះ​ខែ​តាម​បែប​បារាំង 
    តាំង​ពី​ប្រទេស​យើង​​​ឋិត​នៅ​ក្រោម​រដ្ឋការ​អាណា​ព្យាបាល​បារាំង​មក ក្រៅ​ពី​ប្រើ​កាល​បរិច្ឆេទ​តាម​បែប​ចន្ទគតិ ខ្មែរ​យើង​ប្រើ​កាល​បរិច្ឆេទ​បែប​សុរិយ​គតិ​តាម​បារាំង ព្រោះ​រដ្ឋការ​របស់​បារាំង​និង​ខ្មែរ​យើង​ មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ប្រចាំ ។ ម្យ៉ាង​ទៀត​ឥទ្ធិពល​បារាំង ទាំង​នយោបាយ ​និង​វប្បធម៌ តែង​តែ​គ្រប​សង្កត់​មក​លើ​យើង​ជា​និច្ច ។ សូម​ជម្រាប​បញ្ជាក់​ថា បារាំង​ពុំ​មាន​ប្រើ​ឈ្មោះ​​ឆ្នាំ ជូត, ឆ្លូវ, ខាល, ថោះ, រោង.... ដូច​យើង​ទេ គឺ​គេ​ប្រើ​ឆ្នាំ​តាម​គ្រិស្តសករាជ ។
ឧទាហរណ៍៖
    គ្រិស្តសករាជ ២០០៧ ។ ក្រៅ​ពី​ប្រើ​ឆ្នាំ​តាម​គ្រិស្ត​សករាជ បារាំង​ប្រើ​ខែ​សុរិយគតិ​ដូច​ជា Janvier (ហ្សង់​វី​យេ), Février (ហ្វេ​វ្រីយេ), Mars (ម៉ាស់), Avril (អាវ្រីល), Mai (ម៉េ), Juin (យូវ៉ាំង), Juillet (ស៊ូយ៉េត), Août (អ៊ូត), Septembre (សេបតមប្រិ៍), Octobre (អុកតូប្រិ៍), Novembre (ណូវ៉មប្រិ៍) និង Décembre (ដេសម​ប្រិ៍) ។ 
​ក្រោយ​មក ក្នុង​រវាង​បណ្តា​ឆ្នាំ ទសវត្ស​ទី​៦០ គណៈកម្មការ​វប្បធម៌​ជាតិ បាន​បង្កើត​ឈ្មោះ ខែ​សុរិយគតិ​ទាំង​១២ ជា​ភាសា​បាលី​ជំនួស​ខែ​សុរិយគតិ​បារាំង ​ដូច​ខាង​ក្រោម​នេះ ៖
១- Janvier = យ៉ាំង​វី​យេ = មករា ២- Février = ហ្វេ​វ្រីយេ = កុម្ភៈ ៣- Mars = ម៉ារ្ស = មីនា ៤-Avril =អាវ្រីល= មេសា ៥- Mai = ម៉េ = ឧសភា៦- Juin = យូវ៉ាំង = មិថុនា ៧- Juillet = ស៊ូយេត= កក្កដា ៨- Août = អ៊ូត = សីហា ៩- Septembre =សេបតមប្រិ៍=កញ្ញា​ ១០- Octobre = ឧកតូប្រិ៍=តុលា ១១- Novembre=ណូវ៉មប្រិ៍=វិច្ឆិកា ១២- Décembre= ដេសមប្រិ៍ =ធ្នូ  ។
    នេះ​ជា​ដំណាក់​កាល​នៃ​ការ​វិវត្តន៍​របស់​ភាសា​ និង​អក្សរ​សាស្រ្ត​ខ្មែរ​យើង​ ក្នុង​ជំហាន​ថ្មី​មួយ​ទៀត ។ ប៉ុន្តែ សូម​ជម្រាប​ថា ឈ្មោះ​ខែ​ថ្មី​របស់​ខ្មែរ​យើង ​ដែល​យក​មក​ជំនួស​ខែ​សុរិយគតិ​បារាំង​(ឬសកល) នេះពុំ​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ផ្នែក​ហោរាសាស្រ្ត​សម្រាប់​ទស្សន៍ទាយ ជោគ​ជតារាសី ​គ្រោះ​កាច ​គ្រោះ​ជា... បាន​នោះ​ឡើយ ។ ហោរា​ខ្មែរ​នៅ​តែ​ប្រើ​ខែ​ខាង​ចន្ទគតិ ​សម្រាប់​គន់​គូរ​ដដែល​ដូច​ជា
                        -មិគសិរ= លេខ ១                    -ជេស្ឋ =​ លេខ ៧
                        -បុស្ស = លេខ ២                     -អាសាឍ = លេខ ៨
                        -មាឃ= លេខ ៣                      -ស្រាពណ៍= លេខ ៩
                        -ផល្គុន = លេខ ៤                    -ភទ្របទ = លេខ ១០
                        -ចេត្រ = លេខ ៥                     -អស្សុជ = លេខ ១១
                        -ពិសាខ = លេខ ៦                   -កក្តិក = លេខ ១២

ពាក្យ​អញ្ញត្រ​ស័ព្ទ 
(Les mots exceptionnels)
                                                  
    គឺជា​ពាក្យ​មាន​លក្ខណៈ​ពិសេស ខុស​ប្លែក​ពី​ពាក្យ​ឯ​ទៀតៗ​ដោយ​ អក្ខរាវិរុទ្ធ​មិន​ចំណុះ​និង​សូរ​សំឡេង។
ឧទាហរណ៍
-​អ្នក= អាន​ថា =“នាក់” សរសេរ​ជា អ + ្ន + ក=អនក=អ្នក=នាក់ ។
-អញ=អានថា =“អាញ់” សរសេរ​ជា =អញ ។
-(ខាង)លិច(ទិស) អានថា=​“ឡិច” សរសេរ​ជា =លិច ទិស​ដែលព្រះ​អាទិត្យ​លិច ។
-មាតា=អាន​ថា =“មាដា” សរសេរ​ជា =មាតា= ត> ដ; បាលី​មាតា(មា+តា) អាន​ជា​សំឡេង​ខ្មែរ=​ម៉ែ ។
-មណ្ឌប. ន. អានថា មាន់​ដប់ = វិមាន, រោង ។
-ភ្នំ​ព្រះ​សុមេរុ = អាន​ថា “ព្រះ​សុម៉ែ” ភ្នំ​ខ្ពស់​ជាង​គេ​ក្នុង​លោក ។
-ខេត្ត = អាន​ថា “ខែត” មក​ពី​បាលី ខេត្ត=​ស្រែ ។
-វិសេស= អានថា “វិសែស” មក​ពី​បាលី វិសេស=​ ភាព​ប្លែក ។
-សេពគប់= អាន​ថា “សែបគប់” ទាក់​ទង​រាប់​រក; បាលី​ក្លាយ​ខ្មែរ ។
-តេមិយៈ= អាថា “ឌីម៉ែ​ ឬ ព្រះ​ឌីម៉ែ” រឿង​ទី​ ១ ​ក្នុង​ទសជាតក; ... ។
-តេជោ= អានថា “ដែជោ” មក​ពី​បាលី “តេជ”= អំណាច ។
-បណ្ឌិត=ហៅ​ក្លាយ​ជា “អន្ទិត” មក​ពី​ពាក្យ​បាលី=​ជន​អ្នក​មាន​ប្រាជ្ញា ។​
-បេតី= អាន​ថា “ប៉ែតី”, ក្លាយ​មក​ពី​ “បីតិ” ។
-ចេតិយ= អាន​ថា “ចែដី” មក​ពី​ពាក្យ​​បាលី=​ទីដែល​គេ​គោរព​បូជា ។
-ចេស្តា= អានថា “ចែស្តា” មក​ពី​សំស្រ្កឹត=សង្វាត​ប្រឹង​ប្រែង ។
-ចេតនា= អាន​ថា “ចែតាណា” មក​ពី​បាលី​= ផ្តួច​គិត,​ ផ្តោត​ចិត្ត ។
-ព្រះ​ធរណី= អានថា “ព្រះធរនី” មក​ពី​បាលី​,សំស្រ្កឹត= ផែន​ដី[22] ។
-ប្រពៃណី= អានថា “ប្រពៃនី[23]” មក​ពី​បាលី= ទំនៀម, ពូជពង្ស ។
-អនុលោម= អានថា “អនុឡោម” មក​ពី​បាលី=​ បណ្តោយ​តាម, យល់​តាម ។
ខ្ញុំ​ស្រង់​ពាក្យ “អញ្ញត្រស័ព្ទ” ខ្លះៗ​ប៉ុណ្ណេះ​ យក​បង្ហាញ​ជូន​អស់​លោក ​គ្រាន់​បាន​ជា​គំរូ​ប៉ុណ្ណោះ ។ នៅ​មាន​ពាក្យ​ប្រភេទ​នេះ​ច្រើន​ទៀត ។ សូម​អស់​លោក​ជួយ​ស្រាវ​ជ្រាវ​បន្ថែម តាម​ការ​គួរ ។ 
សង្កេត ៖ ក្នុង​ចំណោម​អញ្ញត្រ​ស័ព្ទ​ទាំង​អស់​នេះ យើង​សង្កេត​ ឃើញ​មាន​លក្ខណៈ​ពិសេស ៥ យ៉ាង​គឺ ៖
    ១-ពាក្យ​ទាំង​នេះ​ ច្រើន​តែ​ក្លាយ​មក​ពី​ពាក្យ​បាលី​ និង​សំស្ក្រឹត ។
    ២-យក​សំឡេង “ ដ ” មក​ជំនួស សំឡេង “ ត ” ; ឧ. បីដា ‹​ បិតា​ ។
    ៣-យក​ស្រៈ “ ែ ” មក​ជំនួស​ស្រៈ “ េ ” ឧ. ចែដី ‹​ ចេតិយ ។
    ៤-យក​ព្យញ្ជនៈ​សំឡេង “ អ៊ ” មក​ជំនួស​ព្យញ្ជនៈ​សំឡេង “ អ ” ; ឧ. ព្រះ​ធរនី ‹​ ព្រះ​ធរណី, ប្រពៃនី ‹​ ប្រពៃណី ។
    ៥-យក្យ​ព្យញ្ជនៈ​សំឡេង “ អ ” មក​ជំនួស​ព្យញ្ជនៈ​សំឡេង “ អ៊ ” ឧ.ទិស​ខាង​ឡិច ...។ បាតុ​ភូត​អញ្ញត្រ​ស័ព្ទ​ គឺ​ជា “សោភ័ណ​ភាសា” ដែល​ទាំង​អ្នក​អក្សរ​សាស្រ្ត​ ទាំង​មហាជន​ព្រម​ព្រៀង​គ្នា​ប្រឌិត​ឡើង សម្រាប់​សម្រួល​ការ​និយាយ​ស្តី ឲ្យ​ស្រួល​មាត់ ។ រីឯការ​សរសេរ​វិញ​ ត្រូវ​តែ​គោរព​អក្ខរាវិរុទ្ធដោយ​អនុលោម​ទៅ​តាម​ជាតិ​សព្ទ​(Etymologie) របស់​ពាក្យ ។ 
២១- អក្ស​រ​កាត់
    នៅ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ជួន​កាល​គេ​សរសេរ​ពាក្យ​នៅ​ក្នុង​ឃ្លា​ណា​មួយ​ដោយ​ប្រើ​ពាក្យ​ពេញលេញ​ទាំង​ស្រុង​តែ​ម្ដង ។ ឧ. អង្គការសុខភាព​ពិភពលោក (O.M.S.) ។
    ជួន​កាល​ក្នុង​កាលៈទេសៈ​ខ្លះ​ទៀត ដោយ​គេ​ចង់​ចំណេញ​ពេល ចំណេញ​ក្រដាស គេ​តែង​តែ​រិះរក​វិធី​បំព្រួញ​សង្ខេប​ពាក្យ​ពេញលេញ​នោះ​ឲ្យ​ខ្លី ប៉ុន្តែនៅ​តែ​រក្សា​បាន​អត្ថន័យ​ខ្លឹមសារ​វា​ទាំង​ស្រុង​ដដែល ។ 
    ឧ. អង្គការសហប្រជាជាតិ ​រួម​មក​នៅ​ត្រឹម អ. ស. ប.
    សហរដ្ឋ​អាមេរិក ​ ស. រ. អា.
    គណកម្មាធិការ​ជាតិ​ភាសាខ្មែរ គ. ជ. ភ. ខ. 
    សេចក្ដី​ជូន​ដំណឹង ស. ជ. ណ.
វិធី៖ គេ​ជ្រើស​យក​ព្យញ្ជានៈ​​ក្នុង​ពាក្យ​ណាមួយ​ធ្វើ​ជា​គោល​ ។ ពាក្យ​គោល​នៅ​ក្នុង​ឃ្លា​ណាមួយ​នោះ​ ត្រូវ​បាន​កំណត់​ជ្រើសរើស​យក​មក​ដាក់​តម្រៀប​ជា​បន្តបន្ទាប់​រហូត​ដល់​អស់​ពាក្យ​គោល ដូច​មាន​បញ្ជាក់​ជូន​នៅ​ក្នុង​ឧទាហរណ៍​ខាង​លើ​ស្រាប់ ។ ​
២២- ឋានៈរបស់​ពាក្យ
    ក/​ ចំពោះ​ព្រះសង្ឃ​ និង​ព្រះ​រាជា 
    ដើម្បី​រាប់​កំណត់​ចំនួន​ ព្រះ​រាជា​នោះ គេ​ប្រើ​ពាក្យ​ភ្ជាប់​ថា “អង្គ” ៖
    ឧ. ​ព្រះ​មហាក្សត្រា ក្សត្រី យាង​ចូល​ប្រថាប់​ក្នុង​រាជរោង​មាន ១៧ អង្គ​ ។ 
    ដើម្បី​កំណត់​ចំនួន​ព្រះសង្ឃ​ គេ​ប្រើ​ពាក្យ​ភ្ជាប់​ថា “អង្គ” ៖ 
​    ឧ.ក្នុង​ពិធី​ចម្រើន​ព្រះ​បរិត្ត​បុណ្យ​ទក្ខិណា​នុប្បទាន​នេះ គេ​និមន្ត​ព្រះសង្ឃ ១០ “អង្គ” ។
បញ្ជាក់ ៖ ពាក្យ​សង្ឃស័ព្ទ និង​រាជស័ព្ទ ​មួយ​ចំនួន គឺ​ជាន់​គ្នា​តែ​មួយ​ប្រើ​ពាក្យ​ដូច​គ្នា ដូច​ករណី​ខាង​លើ​ជា​ភស្តុតាង​ស្រាប់ ។ ព្រះរាជា​ឈឺ​ និង​ព្រះ​សង្ឃឈឺ គេ​អាច​ហៅ​ថា “ អាពាធ ” ដូច​គ្នា​បាន​ តែ​ចំពោះ​ព្រះ​រាជា​ មាន​ពាក្យ​ម្យ៉ាង​ទៀត​ថា “ ប្រឈួន ” ។
ខ្មែរ​យើង​ប្រើ​ពាក្យ​ពិសេសៗ ​សម្រាប់​តម្រូវ​នឹង​ឋានៈ​មនុស្ស​ក្នុង​សង្គម ។ ដូច្នេះ ​ព្រះ​សង្ឃ និង​ព្រះរាជា ជា​ជន​មាន​ឋានៈ​ខ្ពស់​ក្នុង​សង្គម ដែល​គេ​អាច​សន្មតថា ជា “ ឧត្តមភេទ” ដូច្នេះ​ត្រូវ​តែ​មាន​ពាក្យ​ខ្ពង់​ខ្ពស់​យក​មក​ប្រើ​ ឲ្យ​ត្រូវ​ទៅ​តាម​ឋានៈ​នាទី ក្នុង​សង្គម​ដូច​ជម្រាប​ខាង​លើ ។
    ខ/ ចំពោះ​មនុស្ស​ដែល​មាន​ឋានន្តរសក្តិ​ខ្ពង់​ខ្ពស់
    ដើម្បី​កំណត់​ចំនួន​មនុស្ស​មាន​យសសក្តិ​ខ្ពង់​ខ្ពស់​វិញ​  គេ​ប្រើ​ពាក្យ “រូប” ៖ 
    ឧ. នៅ​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​ នៅ​ខេត្ត​កំពង់​ចាម មាន​អស់​លោក​រដ្ឋមន្រ្តី តំណាង​រាស្រ្ត ចូល​រួម​ប្រមាណ ៣០ រូប ។
    គ/ ចំពោះ​មនុស្ស​សាមញ្ញ​ធម្មតា
    ក្នុង​ការ​រាប់​កំណត់​ចំនួន​មនុស្ស​សាមញ្ញ​ធម្មតា ​គេ​ភ្ជាប់​ពាក្យ​ “នាក់” ៖
    ឧ. នៅ​ក្នុង​ពិធីបុណ្យ​ សុំ​ទឹក​ភ្លៀង​នៅ​ទី​ទួល​អ្នក​តា​ដើម​ពោធិ៍ មាន​មនុស្ស​ប្រុស​​ស្រី ក្មេង​ចាស់​ចំនួន​ប្រមាណ​ជាង​៥០០ នាក់ ចូល​រួម ។
ឃ/ ចំពោះ​សត្វ​ទូទៅ
    ក្នុង​ការ​គិត​គន់​គណនា​ចំនួន​សត្វ​ទូទៅ គេ​តែង​ប្រើ​ពាក្យ “ក្បាល” ៖
    ឧ. គេ​ពិឃាត​គោ ​និង​ជ្រូក​អស់​ចំនួន ៤ ក្បាល ។
    -តែ​ដោយ​ឡែក​, បើ​ចំពោះ​សៀវភៅ​វិញ​ ក៏​គេ​ហៅ​ថា “ក្បាល” សៀវភៅ ១០ ក្បាល (ដែរ)​ ។
    ង/ ចំពោះ​វត្ថុ​ផ្សេងៗ
    -ផ្ទះ គេ​ប្រើ​ពាក្យ “ ខ្នង ” យក​មក​ភ្ជាប់​ពី​ក្រោយ ឧ. ផ្ទះ ៣ ខ្នង ។
    -អិដ្ឋ គេ​ប្រើ​ពាក្យ “ ដុំ ” យក​មក​ភ្ជាប់​ពីក្រោយ ឧ. អិដ្ឋ ២០០​ ដុំ ។
    -ក្បឿង គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពីក្រោយ ឧ.ក្បឿង ​៥០០០​ សន្លឹក  ។
    -សង្កសី គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ចាប់​ពី​ក្រោយ ឧ. ស័ង្កសី ៧០ សន្លឹក ។
    -ក្តារ គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពី​ក្រោយ ឧ. ក្តារ​ ១៨០​ សន្លឹក ។
    -ក្រដាស គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពីក្រោយ ឧ. ក្រដាស ​១០០០ សន្លឹក ។
    -គ្រឿង​ឈើ​ធ្វើ​សំណង់ គេ​ប្រើ​ពាក្យ “ ផ្លាន ” យក​មក​ភ្ជាប់​ពី​ក្រោយ រនូត, រត, ប្រម៉េ, ផ្ទោង ៤០ ផ្លាន ។
    -រថយន្ត, កប៉ាល់,​ទូក គេ​ប្រើ​ពាក្យ “ គ្រឿង ” យក​មក​ភ្ជាប់​ពី​ក្រោយ ​ឧ. រថយន្ត​ ៣ គ្រឿង ។ ឧ. កប៉ាល់ ២ គ្រឿង ។ ​ឧ. ទូក ៥ គ្រឿង ។
    ច/ ចំពោះ​រុក្ខជាតិ
    ដំណាំ​ដើម​ឈើ​ធំៗ គេ​ប្រើ​ពាក្យ “ ដើម ” យក​មក​ភ្ជាប់​ពី​ក្រោយ ៖
    ឧ. ខ្នុរ ៣០ ដើម ដូង ៥០ ដើម ។
    ឆ/ ចំពោះ​សត្វ​ទូទៅ
    ដើម្បី​រាប់​កំណត់​ចំនួន​សត្វ​សម្រាប់​ទឹម, គេ​តែង​យក​ពាក្យ​ “ នឹម” មក​ភ្ជាប់​ពី​ក្រោយ ។ 
    ជ/ ចំពោះ​ដំណាំ​វារ, ទ្រើង​តូច​តាច
    ដើម្បី​គណនា​ចំនួន​ដំណាំ​ប្រភេទ​នេះ គេ​ប្រើ​ពាក្យ “គុម្ព”​មក​ភ្ជាប់​ពីក្រោយ ៖
    ឧ. កសិករ​គំរូ​នៅ​ភូមិ​សំរោង​ បាន​ដាំ​ដំណាំ​បន្លែ​ជា​ច្រើន​ សម្រាប់​លក់​ និង​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​ដូច​ជា ៖
    -ត្រឡាច ២០ គុម្ព ។
    -ស្ពៃ​ខ្មៅ ១០០ គុម្ព ។
    -ខាត់​ណា ៥០ គុម្ព ។
    ឈ/ ចំពោះ​ដំណាំ​យក​ស្លឹក, ផ្លែ, ជាវល្លិ៍
    ក្នុង​ការ​គណនា​រាប់​ដំណាំ​ប្រភេទ​នេះ គេ​ប្រើ​ពាក្យ “ជន្លង់”​ពី​ខាង​ក្រោយ ៖
    ឧ. ពូ​ឡាយ​ ហាក់​ ដែល​មានចម្ការ​ប្រភេទ​ដី​ក្រហម, គាត់​ដាំ​ម្រេច​៥០០ ជន្លង់ ដី​មួយ​ងារ​នៅ​ខាង​ក្រោយ​ផ្ទះ, គាត់​ដាំ ម្លូក្រហម ២០ ជន្លង់​ ។
    ញ/ ចំពោះ​សម្លៀក​បំពាក់​ ឬ​វត្ថុ​ផ្សេងៗ​ទៀត
    បើ​រាប់​ខោ​មួយ អាវ​មួយ ឬ​សំពត់​មួយ ​អាវ​មួយ, គេ​ថា “ប្រដាប់” ៖ 
    -គឺ​ខោ​អាវ​, សំពត់​អាវ ១ ប្រដាប់ ។
    -ឬ​ខោ​អាវ ១ កុំ​ប្លេ ។
    -បើ​រាប់​ ឬ​គណនា​សំពត់ គេ​ប្រើ​ពាក្យ​ “ក្បិន” គឺ សំពត់ ១ ក្បិន ។
    -បើ​រាប់​កំណត់​ទំហំ​ល្មម​ កាត់​ខោ​អាវ​បាន​គេ​ថា“អាវ” ឧ. កំណាត់ ១ អាវ ។
    -បើ​រាប់​គណនា​ស្បែក​ជើង, គេ​ប្រើ​ពាក្យ “សម្រាប់” ឧ. ស្បែក​ជើង ​១ សម្រាប់ ។
    -បើ​រាប់​គណនា​សង្រែក, គេ​ប្រើ​ពាក្យ “សម្រាប់” ឧ. សង្រែក​ ១ សម្រាប់ ។
    -បើ​រាប់​គណនាចង្កឹះ, គេ​ប្រើ​ពាក្យ “គូ” ឧ. ចង្កឹះ ១ គូ ។
    -បើ​រាប់​ ឬ​គណនា​ខ្សែ​វិញ គេ​ភ្ជាប់​ពាក្យ “កន្ទុយ” ពីខាង​ក្រោយ ឧ. ខ្សែ​គោ ១ កន្ទុយ ។
    -បើ​រាប់ ​ឬ​គណនា​ចាន​វិញ​ គេ​ភ្ជាប់​ពាក្យ “ស្រាក់ ​ឬ​ឡូ” ពី​ខាង​ក្រោយ ៖
​    ឧ. ចាន ១ ស្រាក់ ឬ ចាន ១ ឡូ ។
    ដ/ ចំពោះ​ផ្លែ​ឈើ
    បើ​រាប់ ​ឬ​គណនា​ផ្លែ​ឈើ, គេ​ភ្ជាប់​ពាក្យ ជា​ច្រើន​ប្រភេទ​ដូច​ខាង​ក្រោម ៖
    -បើ​ផ្លែ​ឈើ ៤ គេ​ថា ផ្លែ​ឈើ “១ ដំប” ។
    -បើ​ផ្លែ​ឈើ ៤០ គេ​ថា ផ្លែ​ឈើ “១ ផ្លូន” ។
    -បើ​ផ្លែ​ឈើ ៤០០ គេ​ថា ផ្លែ​ឈើ “១​ ស្លឹក” ។
    របៀប​រាប់​សំណាប​ ដែល​ដក​ចង​ជា​កណ្តាប់​បម្រុង​យក​ទៅ​​ស្ទូង​ ក៏​គេ​គិត​ជា “ដំប”, “ផ្លូន”, “ស្លឹក”, ដូច​ផ្លែ​ឈើ​ដែរ ។
    -បើរាប់​ផ្លែ​ស្លា គេ​គិត​ជា “ដៃ” ក្នុង ១ ​ដៃ​មាន ១០ ផ្លែ (ស្លា) ។​ 
    -បើ​រាប់​ម្លូ គេ​គិត​ជា “ស្នើ” ក្នុង​១​ស្នើ មាន ១០ សន្លឹក (ម្លូ) ឬ​គេ​គិត​ជា “ត្របក” ក្នុង ១ ​ត្របក​មាន ២០ សន្លឹក (ម្លូ)​ ។
    -បើ​រាប់​ដូង គេ​គិត​ជា “ធ្លាយ” គឺ​ចង្កោម​ផ្លែ​ដូង​ដែល​ចេញពី​ ទង​មួយ ។
    -បើ​រាប់​ស្លា គេ​គិត​ជា “ស្មែង” គឺ​ចង្កោម​ផ្លែ​ស្លា​ដែល​ចេញពី​ទង​មួយ ៖
    ឧ. ដូង ១ ធ្លាយ, ស្លា ១ ស្មែង ។ 
    -បើ​រាប់​សម្លៀក​បំពាក់ ដែល​គេ​វេច គេ​ហៅ​ថា ១ ឬ ២ បង្វេច ។
    -បើ​រាប់​សម្លៀក​បំពាក់ ដែល​គេ​វេច​ល្មម​ស្ពាយ​បាន​ គេ​ហៅ​ថា ១ ឬ ២ សម្ពាយ ។
    -បើ​របស់​អ្វី​ដែល​គេ​យក​មក​ឆ្វាយ​បានគេ​ហៅ​ថាខ្សែ​មួយចង្វាយ​ ។
    -បើ​របស់​អ្វី​ដែល​គេ​យក​មក​យួរ​បាន គេ​ហៅ​ថា មួយ​យួរ ។​ 
    ឋ/ ការ​វាស់​ពេល​វេលា​តាម​បែប​បុរាណ
    កាល​ដើម​ឡើយ ខ្មែរ​យើង​ពុំ​ទាន់​មាន​វិធី ឬ​ឧបករណ៍​សម្រាប់​វាស់​ពេល (លម្អិត​ខ្លី) ដូច​គ្រា​បច្ចុប្បន្ន​ឡើយ ។ ហេតុ​នេះ​ ចាស់​បុរាណ លោក​កំណត់​ពេល​វែង​ខ្លី​តាម​រយៈ​ការ​បង្កើត​ពាក្យ​ផ្សេងៗ ហើយ​ពាក្យ​ខ្លះ នៅ​តែ​ប្រើ​រហូត​មក​ទល់​សព្វ​ថ្ងៃ ​មាន​ដូច​ជា ៖
    • យាម៖ ក្នុង​ ២៤ ម៉ោង លោក​ចែក​ជា ៦ ឬ ៨ យាម ក្នុង​មួយយាមៗ មាន​ប្រមាណ​ពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេ​គិត​រាប់​យាម​១ ចាប់​ពី​ថ្ងៃ​រះ គិត​ជា​យាម​៣ ឬ​យាម ៤ នៅ​ពេល​ថ្ងៃ​លិច ។ ក្នុង​ ១ យប់ គិត​ជា ៤ យាម គឺ​ពី​ព្រលប់​គិត​ជា​យាម ៤... ដល់​ភ្លឺ គិត​ជា​យាម ៨ ។
    • ខួប៖ ការ​គិត​អាយុ​ក្មេង គេ​រាប់​ពី​ខែ ដែល​វា​កើត​ រហូត​មួយ​ជុំ ដល់​ថ្ងៃ​ដដែល​នេះ​វិញ គេ​ហៅ​ថា​មួយ​ខួប​គឺ​ត្រូវ​ជា ១២ ខែ ។ ឧ. បើ​ក្មេង​កើត​នៅ ថ្ងៃ ២ កើត ខែ​មាឃ..... លុះ​ដល់​វិល​មួយ​ជុំ​ខួប​មក​ដល់​ថ្ងៃ ២ កើត ខែ មាឃ នេះ គេ​សន្មត​ថា ក្មេង​នេះ អាយុ​បាន ១ ខួប​ហើយ ។ ការ​រាប់​ឆ្នាំកំណើត ខ្មែរ​យើង​មិន​គិត​តាម​ពុទ្ធ​សករាជ​ឬ​គ្រិស្តសករាជ​ទេ គឺ​កំណត់​តាម​ឆ្នាំ​ទាំង​ ១២ គឺ ឆ្នាំ​ជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង​ ១ ជុំ ខួប​មាន ១២ ឆ្នាំ ... ។
    • មួយ​សន្ទុះ៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ អាច​ស្មាន​បាន​ប្រហែល​ជា ១ ម៉ោង ។ ឧ. ដើរ​បាន​មួយ​សន្ទុះ ក៏​ចូល​ដល់​ព្រៃ​ធំ​មួយ.... ។
    • មួយ​បោក៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ ប្រមាណ​ជា​កន្លះ​ម៉ោង ។ ឧ. ដេក​បាន​មួយ​បោក ភ្ញាក់​ឡើង​ភ្លឺ​ល្មម ។ 
    • មួយ​បារី៖ គឺ​ជា​រយៈ​ពេល​ប្រមាណ ១៥ នាទី ។ ឧ. ច្រក​ថ្នាំ​ចំនួន​ពេល​ ១ បារី អ្នក​ជំងឺ​ក៏​ដឹង​ខ្លួន​វិញ ។
    • មួយ​សាប​ស្លា៖ រយៈ​ពេល​ប្រហែល​ ២០ នាទី ។ ឧ. ចម្ងាយ​ផ្លូវ​ពី​ភូមិ​ ធ្លក​ទ្រេត​ទៅ ឈើ​ទាល​ជ្រំ គេ​ត្រូវ​ដើរ តែ​១ សាប​ស្លា ប៉ុណ្ណោះ នឹង​បាន​ទៅ​ដល់​ហើយ ។
    • ចំណាំ៖ ពេល​ ១ បារី គឺ​រយៈ​ពេល ដែល​គេ​ជក់​ថ្នាំ​អស់ ១ បារី ឯពេល​ ១ សាប​ស្លា គឺ​រយៈ​ពេល​ដែល​អ្នក​ស៊ី​ស្លា កំណត់​ថា​ស្លា​សាប​អស់​រស​ជាតិ​ ត្រូវ​ខ្ជាក់​ចោលកាក​ស្លា​ហើយ ។ 
    • មួយ​ស្រឡេត៖ គឺ​រយៈ​ពេល​ខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេច​មួយ​ស្រឡេត​ទៅ ក៏​យល់​សប្តិ​ឃើញ​ដំរី​ដេញ... ។
    • មួយ​ភ្លែត៖ ស្មើ​នឹង​រយៈ​ពេល ៥ នាទី ។ ឧ. កុំ​តាម​ម៉ែ​អី ម៉ែ​ទៅ​តែ​មួយ​ភ្លែត​នឹង​វិល​មក​វិញ​ហើយ ។






















____________________________ 
ឯកសារ​ពិគ្រោះ
១- មូល​វិជ្ជា ខេមរ​ភាសា ។
២- វេយ្យាករណ៍ ធន់​ ហ៊ិន ។
៣- ភាសា​ខ្មែរ​ថ្នាក់​ទី ១០ ក្រសួង​អប់​រំ ។
៤- វេយ្យាករណ៍​ខ្មែរ​ពិស្តារ ពូវ - អ៊ុម ។
៥- មូល​ភាព​នៃ​ការ​បង្កើត​ពាក្យ កេង​វ៉ាន់​សាក់ ។
៦- វេយ្យាករណ៍​ខ្មែរ ឃឹន សុខ ។
៧- វេយ្យាករណ៍​ខ្មែរ ក្រសួង​អប់​រំ ។
៨- វេយ្យាករណ៍ ទម្រង់​និយម​នៃ​ភាសា​ខ្មែរ​ទំនើប ព្រុំ ម៉ល់ ។
៩- ការ​តែង​និពន្ធ ជួរ គារី ។
១០- និពន្ធ​សេចក្តី​ខ្មែរ វិជ្ជា​និពន្ធ គិត ហ៊ាង ។
១១- ផ្កា​ស្រពោន នូ ហាច ។
១២- កុលាប​ប៉ៃ​លិន ញ៉ុក ថែម ។
១៣- វេស្សន្តរ​ជាតក ព្រះ​អង្គ​ដួង ។
១៤- រឿង​រតនា​វង្ស ។
១៥- អក្សរ​សិល្ប៍​ខ្មែរ លី ធាម​តេង ។
១៦- ជិន​វង្ស អរិយគាមុនី ហ៊ីង ។
១៧- កាកី ព្រះ​អង្គ​ដួង ។
១៨- វេស្សន្តរ​ជា​តក ។

[1]   ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ មាន​ស្រៈ ៥ ទៀត ពោល​គឺ ាះ (ឧ. ច៎ាះ, អាះ)  ីះ (ឧ. យីះ !)  ឺះ (ឧ. អឺះ, អ៊ឺះ, វ៉ឺះ, បឺះ ៗ ! ទឺះ ៗ !)  ៀះ (ឧ. វៀះ​វៀន)  និង  ​ េះ (ឧ. ចេះ) ។
-> ចំពោះ​​ស្រៈ ួ ឿ និង ៀ  ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ​និង​ឃោសៈ ខ្មែរ​យើង​បញ្ចេញ​សំឡេង​ដូច​គ្នា​មែន  តែ​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​ចន្ទបុរី (សព្វ​ថ្ងៃ​នៅ​ប្រទេស​សៀម) និង​នៅ​តំបន់​ភ្នំ​ក្រវាញ  កាល​ណា​ថា កួរ និង គួរ, កឿ និង គឿ, ហើយ​និង កៀ​ និង គៀ  នៅ​តែ​បញ្ចេញ​សំឡេង​មិន​ដូច​គ្នា​ទេ  ពីព្រោះ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ បញ្ចេញ​សំឡេង​ស្រាល (ឬ​ហៅ​ សំឡេង​តូច)  ហើយ​ជា​មួយ​ព្យញ្ជនៈ​ឃោសៈ បញ្ចេញ​សំឡេង​ធ្ងន់ (ឬ​សំឡេង​ធំ) ។
 [2] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ពាក្យ សន្តោស, សន្តាន, ចិន្តា និង អន្តរធាន  ត្រូវ​សរសេរ​នឹង ន្ត ដើម្បី​រក្សា​ជាតិសព្ទ ព្រោះ​ជា​ពាក្យ​មក​ពី​សំស្ក្រឹត-បាលី ។  ពី​ដើម  ខ្មែរ​យើង​ធ្លាប់​មាន​ជើង “ដ”  មាន​រូប​សណ្ឋាន​ដូច​ខ្លួន​អក្សរ ដ តែ​បាត់​សក់  សម្រាប់​តែ​ពាក្យ​សំស្ក្រឹត-បាលី  ។  ជើង​នេះ  ខ្ញុំ​បាទ​ប្រទះ​ឃើញ​ក្នុង​សិលា​ចារឹក​នគរ​វត្ត​សម័យ​ក្រោយ​អង្គរ  ឧទាហរណ៍ ក្នុង​សិលា​ចារឹក​លេខ ១ និង ៣  (សូម​មើល សិលាចារឹក​នគរ​វត្ត និង បទានុក្រម  រៀប​រៀង​ដោយ​មហា​ពិទូរ​ក្រសេម ភ្នំ​ពេញ ពុទ្ធសាសនបណ្ឌិត្យ បោះ​ពុម្ព​លើក​ទី ២ គ.ស. ១៩៥៨  ព.ស. ២៥០១  ទំព័រ​ទី ១២៦, ១៤០, ១៤១)  និង​ក្នុង​ទស្សនាវដ្តី កម្ពុជសុរិយា លេខដំបូង ៗ  លោក​បាន​សរសេរ​ពាក្យ « ទស្សនាវដ្តី » នឹង​ជើង ដ  ពុំ​មែន​ជា​ជើង​ ត ទេ ។[3] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ​ ត្រីស័ព្ទ  ខ្ញុំ​បាទ​យល់​ស្រប​ជា​មួយ​លោក  តែ​ក្នុង​វចនានុក្រម​ខ្មែរ  សរសេរ​ថា ត្រីសព្ទ វិញ  ។  តែ​ត្រង់​មេ​ពាក្យ​ សព្ទ  សរសេរ​ថា សព្ទ ឬ ស័ព្ទ  ។  ខ្ញុំ​បាទ​មិន​ដឹង​ជា​អក្ខរាវិរុទ្ធ​ណាត្រូវ​ជាង ។
 [4] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ស្រៈ œ ក្នុង​ភាសា​បារាំងសែស ច្រើន​អាន​ថា េ មិន​មែន​ជា ឺ  ។  ក្នុង​ វចនានុក្រម​ខ្មែរ  របស់ពុទ្ធសាសនបណ្ឌិត្យ លោក​បាន​សរសេរ​ឈ្មោះ​នេះ​ថា ហ្ស៊ក សេដែស ។
 [5] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ​ ត្រីស័ព្ទ  ខ្ញុំ​បាទ​យល់​ស្រប​ជា​មួយ​លោក  តែ​ក្នុង​វចនានុក្រម​ខ្មែរ  សរសេរ​ថា ត្រីសព្ទ វិញ  ។  តែ​ត្រង់​មេ​ពាក្យ​ សព្ទ  សរសេរ​ថា សព្ទ ឬ ស័ព្ទ  ។  ខ្ញុំ​បាទ​មិន​ដឹង​ជា​អក្ខរាវិរុទ្ធ​ណាត្រូវ​ជាង ។
 [6] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ “អាសយ” ជា​ពាក្យ​បាលី ក្លាយ​​ជា​ “អាស័យ” តាម​​អក្ខរាវិរុទ្ធ​ខ្មែរ  ។  រី​ឯ “អាស្រ័យ” វិញ ជា​ពាក្យ​ក្លាយ​មក​ពី​សំស្ក្រឹត “អាឝ្រយ” (និង​តួ ឝ ដែល​ខ្មែរ​យើង​ហៅ​ថា ស-គ) ។
 [7] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ័រ ក្នុង​ភាសា​ខ្មែរ​មាត្រដ្ឋាន (ភាសា​ខ្មែរ​ស្តង់ដារ) មាន​តែ​ជា​មួយ​នឹង​ព្យញ្ជនៈ​ឃោសៈ  ដូច​លោក​បាន​សរសេរ  ។  តែ​ខ្ញុំ​បាទ​ឃើញ​ថា  សព្វ​ថ្ងៃ​នេះ  (តាម​ពិត  គឺ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៦០)  គេ​ច្រើន​សរសេរ​នឹង​ព្យញ្ជនៈ​អឃោសៈ​វិញ  ។  ឧ. ប័រ  (ខ្លាញ់​ទឹក​ដោះ​គោ)  ទោះ​ជា​ក្នុង​វចនានុក្រម​ខ្មែរ  លោក​ថា​  ត្រូវ​សរសេរ ប៊័រ ;  បៀរ​ម៉ាក​អានឆ័រ ; សារព័ត៌មាន​កំបូដ​ស័រ  ។  ខ្ញុំ​បាទ​គិត​ថា  គួរ​តែ​រំឭក​កូន​ខ្មែរ​ឲ្យ​សរសេរ ប៊័រ  អានឈ័រ និង​កំបូដ​ស៊័រ​ វិញ  ព្រោះ​ថា  ក្នុង​គ្រាមភាសា​ខ្មែរ​មួយ​ចំនួន  ឧទាហរណ៍​នៅ​ស្រុក​រវៀង​ក្នុង​ខេត្ត​ព្រះ​វិហារ  ឬ​នៅ​ខេត្ត​សុរិន្ទ  ខ្ញុំ​បាទ​បាន​ឮ​បង​ប្អូន​ខ្មែរ មិន​ច្រឡំ ័រ និង ៊័រ ឡើយ  ។  ឧទាហរណ៍  គេ​ថា  « អ័រ-​ក » (អារ់​ក  គឺ អារ-ក)  ហើយ​ពាក្យ​ថា​ អ័រ គេ​បញ្ចេញ​សម្លេង​ខ្លី (អារ់)  ខុស​ពី​ “អារ”  (ឧ. ប្រពន្ធ​អារ) មាន​សូរ​សម្លេង​វែង  ។  ពាក្យ​ទាំង​នេះ  ឮ “រ” ប្រកប​យ៉ាង​ច្បាស់ ។  « ធ្វើ​ការ »  គេ​និយាយ​ថា  « ធ្វើ​ការ »  (ឮ​ទាំង​ស្រៈ​អា​វែង  និង​ រ ប្រកប)  ខុស​ពី  « មេ​ឆ្កែ​ក័រ​ (ការ់) កូន »  (គឺ មេ​ឆ្កែការ​កូន)  ហើយ​ខុស​ពី  « ម៉ែ​មាន​គ័ភ៌ »  (ឮ​ថា គ័រ)  គឺ​ថា  “ការ” “ក័រ” និង “គ័រ”  មាន​សំឡេង​ខុស​គ្នា​នៅ​ក្នុង​ខេត្ត​ទាំង​នោះ  ។
 [8] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ យុគលពិន្ទុ មាន​ប្រើ​ក្នុង​ពាក្យ​ខ្មែរ​មួយ​ចំនួន​តូច  ដូច​ជា រយៈ  ហេៈ ឬ ហែៈ (សូរ​លាន់​មាត់) អ៊ីថាៈ  វូម​វៈ !  អ្ហាៈ !​ និង​ពាក្យ​មួយ​មក​ពី​ចិន ៖ ប៉ិកួៈ (ដំឡូង​រលួស)  (នេះ​គឺ​ជា​អក្ខរាវិរុទ្ធ​របស់​វចនានុក្រម​ខ្មែរ  តែ​ខ្ញុំ​បាទ​ឃើញ​ថា  គេ​ច្រើន​សរសេរ ប៉ិគក់ វិញ ក្នុង​សៀវភៅ​ធ្វើ​ម្ហូប) ។  ក្នុង​វចនានុក្រម​ខ្មែរ លោក​ហៅ​យុគលពិន្ទុ​ថា  ជា​វណ្ណយុត្តិ  តែ​ក្នុង​វិស័យ​ភាសាសាស្ត្រ  ខ្ញុំ​បាទ​យល់​ថា ​អាច​ទុក​ថា  នៅ​ក្នុង​ចំណោម​ស្រៈ​ ឬ ស្រៈ​និង​ ក ប្រកប វិញ ។
 [9] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ គួរ​សរសេរ កណ្កកសញ្ញា  វិញ  ទោះ​ជា​អាន​ថា  កណ្តក់ ក៏​ដោយ  ព្រោះ​ កណ្តក ជា​ពាក្យ​បាលី  មាន​ន័យ​ថា  បន្លា ។
 [10] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ រឿង​ក្បៀស​ជា​រឿង​សំខាន់​បំផុត បើ​និយាយ​ពី​រឿង​តួ​លេខ  ដែល​គួរ​តែ​យក​មក​ពិភាក្សា  ដោយ​ហេតុ​តែ ពី​មុន​  ខ្មែរ​យើង​បាន​ទទួល​ឥទ្ធិពល​ពី​បារាំងសែស​យ៉ាង​ខ្លាំង​ក្លា  ។  « ពីរ​កន្លះ »  យើង​សរសេរ​ថា ២,៥ តាម​ទម្លាប់​បារាំង (ប្រើ​ក្បៀស) ។  តែ​សព្វ​ថ្ងៃ  ឥទ្ធិពល​បរទេស​មក​ពី​អាមេរិកាំង​វិញ ហើយ​ពួក​អាគាំង​​សរសេរ​ថា ២.៥ (ប្រើ​ចំណុច) ។  សព្វ​ថ្ងៃ  ឃើញ​ថា  មាន​ពួក​ក្មេង ៗ និយម​សរសេរ​ដូច​អាមេរិកាំង​ដែរ  ។  « បី​ពាន់ »  អាមេរិកាំង (ឬ​ពួក​អង់ក្លូសាក់សុង​ជា​ទូទៅ) សរសេរ​ជា​លេខ​ថា ៣,០០០  (សៀម​ក៏​សរសេរ​ដូច្នេះ​ដែរ ៖ ๓,๐๐๐) ឯ​បារាំង​វិញ សរសេរ​ថា ៣ ០០០ (ដាក់​ចន្លោះ​ភ្ជាប់​ក្រោយ​ពី​ខ្ទង់​ពាន់) ឬ ៣០០០ ឬ ៣.០០០ ក៏​បាន ។ ខ្មែរ​ធ្លាប់​ធ្វើ​តាម​បារាំងយូរ​មក​ហើយ  ជាង​មួយ​សតវត្ស  តែ​ត្រូវ​សម្រេច​ចិត្ត យក​របៀប​ណា របស់​អាមេរិកាំង ឬ​ របស់​បារាំង ?
 [11] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាម​យោបល់​ខ្ញុំ​បាទ  ទោះ​ជា​មាន​គេ​និយម​សរសេរ “កម្មវត្ថុៈ”  “យោងៈ” ។ល។ នេះ​គួរ​មិន​ទុក​ថា ត្រឹម​ត្រូវ​ ទេ ព្រោះ​ធ្វើ​ឲ្យ​ច្រឡំ​តួ​នាទី​របស់​យុគលពិន្ទុ​និង​ទ្វិពិន្ទុលេខ ។ គួរ​សរសេរ “កម្មវត្ថុ” ៖  “យោង” ​៖ វិញ  ព្រោះ​សព្វ​ថ្ងៃ​ យើង​មាន​យូនីកូដ​ខ្មែរ ។
 [12] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាម​យោបល់​ខ្ញុំ​បាទ កូន​សិស្ស​ខ្មែរ ដែល​រៀន​ក្បួន​ខ្នាត​អក្ខរាក្រម​និង​វេយ្យាករណ៍​ខ្មែរ មិន​អាច​យល់​កថាខណ្ឌ​ខាង​លើ ព្រោះ​ពួក​គេ​មាន​ភាសា​ខ្មែរ​ជា​ភាសា​កំណើត  ហើយ​មិន​ចេះ​ភាសា​បារាំង  ព្រោះ​ហេតុ​ថា  ភាសា​បារាំង  ពុំ​សូវ​មាន​អ្នក​ណា​រៀន​សព្វ​ថ្ងៃ​នេះ  ។  មាន​តែ​មនុស្ស​ដែល​បាន​ទទួល​ការ​អប់​រំ​នៅ​សម័យ​អាណាព្យាបាល ឬ សង្គម​និយម ដែល​អាច​យល់​បាន ។​ ហើយ​បើ​សិន​ជា​ត្រូវ​ការ​ខណ្ឌសញ្ញា  គួរ​ប្រើ​ទ្វិពិន្ទុលេខ (ចំណុច​ពីរ​គូស ៖) ជំនួស​យុគលពិន្ទុ (ៈ) វិញ ។
 [13] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ខ្ញុំ​គិត​ថា គួរ​ប្រើ (៖) វិញ  ព្រោះ​មាន​ចុច​ពីរ​ក្នុង​ពាក្យ​ថា អ៊ីថាៈ​ហើយ  អាច​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ  ។  ឧ. « ឯង​ថា​ មិន​ឲ្យ​គ្នា​ទៅ​អ៊ី​ថាៈ  បាន​ជា​គ្នា​មិន​ទៅ ! » ។[14] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅ​សញ្ញា​នេះ​ថា វិឡារសញ្ញា, អញ្ញប្រកាស ឬ កោណសញ្ញា  ហើយ​សរសេរ​ថា « » មាន​ឈ្មោះ​ដូច​គ្នា ។
 [15] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅ​សញ្ញា​នេះ​ថា អន្តរសញ្ញា ។[16] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ប្រការ​នេះ​ជា​ការ​ពិបាក​និង​ស្មុគ​ស្មាញ​បន្តិច​ដូច​លោក​បាន​យក​មក​ពិភាក្សា​ ព្រោះ​ខ្ញុំ​ឃើញ​ថា  អ្នក​ប្រាជ្ញ​ខ្មែរ​ទាំង​ឡាយ  មិន​ប្រើ​ឈ្មោះ​ដូច​គ្នា​ទេ ។  ឧទាហរណ៍ លោក​ នួន ប៊ុត ហៅ “ ” និង « » ថា  វិឡារសញ្ញា  ហើយ​ថា  ហៅ​ថា អញ្ញប្រកាស ក៏​បាន ។ រួច​លោក​ថា  « នឹង​ហៅ​ថា កោណសញ្ញា ដើម្បី​ឲ្យ​ស្រួល​ចំណាំ​កុំ​ឲ្យ​ច្រឡំ​គ្នា​បាន » ។  ​ភាសា​បារាំង គេ​ហៅ​សញ្ញា « » ​នេះ​ថា  វិឡារសញ្ញា​បារាំងសែស  និង “ ” ថា វិឡារសញ្ញា​អង់គ្លេស  អាច​ប្រើ​ទាំង​ពីរ​បាន  តែ​វិឡារសញ្ញា​អង់គ្លេស​ទុក​ជា​សញ្ញា​រង  គឺ​មាន​តួ​នាទី​ខុស​គ្នា​បន្តិច ។  ឧ. « អ្នក​កាន់​បេឡា បាន​និយាយ​មក​កាន់​ខ្ញុំ​ថា ៖ “សូម​មើល ‘ប៉ាស់ស្ព័រ’ របស់​លោក​បន្តិច ។”  ខ្ញុំ​ក៏​ហុច​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ​ឲ្យ​​គាត់ » ។ សញ្ញា « » ​នេះ  ពួក​អង់គ្លេស​និង​អាមេរិកាំង​មិន​ដែល​ប្រើ​ឡើយ  ប្រើ​តែ “ ” ប៉ុណ្ណោះ ។  សូម​អ្នក​ប្រាជ្ញ​ខ្មែរ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​ មេត្តា​ដាក់​ឈ្មោះ​ខុស​គ្នា​ឲ្យ​ខណ្ឌសញ្ញា​ទាំង ៣ យ៉ាង​នេះ ពោល​គឺ « », “ ” និង ‘ ’ កុំ​ឲ្យ​កូន​ខ្មែរ​ច្រឡំ ។
 [17] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លេខ​រ៉ូម៉ាំង​មាន​តួ​ច្រើន​ទៀត  ព្រោះ​មិន​អនុវត្ត​តាម​របាប់​ទសភាគ  ហើយ​លេខ​រ៉ូម៉ាំង​ពុំ​មាន​លេខ​សូន្យ ។ តួ​លេខ​ដទៃ​ទៀត គឺ ៖ L (៥០) C (១០០) D (៥០០) M (១០០០) ។
 [18] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ កាល​ខ្ញុំ​បាទ​បាន​រៀន​អក្សរ​ខ្មែរ  ខ្ញុំ​បាទ​ក៏​ឮ​គ្រូ ៗ របស់​ខ្ញុំ​បាទ​ហៅ​អក្សរ​បែប​នេះ​ថា អក្សរ​មូល  (ហើយ​ខ្ញុំ​បាទ​កត់​សម្គាល់​ថា សព្វ​ថ្ងៃ​នេះ  ក្មេង ៗ ជា​ច្រើន​មិន​ស្គាល​ឈ្មោះ​នេះ  ហៅ​​ថា  អក្សរ​ឆ្លាក់​វិញ) ។  តែ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​បាទ  ហៅ​អក្សរ​បែប​នេះ​ថា អក្សរ​មូល  ក៏​ជា​ការ​ច្រឡំ​ដែរ  ។  ទោះ​បី​ជា​តួ​អក្សរ​មាន​រាង​មូល​មែន​ក៏​ដោយ តាម​ពិត​គឺ​ជា​អក្សរ​ខម ។ ក ខ គ ឃ ង  នេះ គឺ​ជា​អក្សរ​ខម មិន​មែន​ជា​អក្សរ​មូល​ទេ ។ នៅ​ស្រុក​សៀម  គេ​ប្រើ​អក្សរ​បែប​នេះ​ក្នុង​សាស្ត្រា​ស្លឹក​រឹត និង​ក្រាំង (សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​តិច​ណាស់ ដែល​ចេះ​អាន ព្រោះ​ស្តេច​សៀម​នៅ​ចុង​សតវត្ស​ទី ១៩ ដើម​ ស.វ. ទី ២០ ចង់​ផ្សព្វ​ផ្សាយ​តែ​អក្សរ​សៀម  ដោយ​យក​លេស​ថា  ជា​អក្សរ​ពិបាក​រៀន  និង​ពិបាក​ប្រើ​ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ  តែ​តាម​ទស្សនៈ​ខ្ញុំ​បាទ  គឺ​មក​ពី​ទស្សនៈ​ជាតិ​និយម ដែល​បាន​លេច​ឡើង​នៅ​សម័យ​នោះ) ។ ដូច​លោក​មាន​ប្រសាសន៍  ក្នុង​សម័យ​បច្ចុប្បន្ន  សៀម​នៅ​តែ​ប្រើ​អក្សរ​បែប​នេះ​សម្រាប់​​សរសេរ​គាថា​លើ​យ័ន្ត្រ ឬ សាក់​លើ​ខ្លួន​មនុស្ស ព្រោះ​ជា​តួ​អក្សរ​ស័ក្តិ​សិទ្ធិ ។ រី​ឯ​អក្សរ​សៀម​វិញ  គ្រាន់​តែ​ជា​អក្សរ​សម្រាប់​ផែន​ដី កិច្ចការ​រាជការ​និង​រដ្ឋបាល​ប៉ុណ្ណោះ ទោះ​បី​ជា​ព្រះ​ត្រៃ​បិដក​ជា​ភាសា​បាលី គេ​សរសេរ​ជា​អក្សរ​សៀម​វិញ ។ ​ ពី​ដើម សៀម​មិន​ដែល​សរសេរ​គាថា​បាលី ឬ ពុទ្ធវចនា​ជា​ភាសា​បាលី ជាអក្សរ​​សៀម​ឡើយ ។ សៀម​ហៅ​អក្សរ​បែប​នេះ​ថា អក្សរ​ខម ព្រោះ​ខម​ គឺ​ជា​ជន​ជាតិ​ខ្មែរ  ។  សៀម​ហៅ​ខ្មែរ​សម័យ​អង្គរ​ថា ខម ៗ ។[19] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក ខ គ ឃ ង  នេះ គឺ​ជា​អក្សរ​មូល  មិន​មែន​ជា​អក្សរ​ខម​ទេ ។  ខ្ញុំ​បាន​មើល​គម្ពីរ​សៀម​ជា​ភាសា​សៀម​និង​បាលី តែ​សរសេរ​ជា​អក្សរ​ខម (អក្សរ​ខ្មែរ) (រហូត​ដល់​ចុង​ ស.វ. ទី ១៩  សៀម​សរសេរ​សៀវភៅ​ទេសន៍​ភាសា​សៀម​ជា​អក្សរ​ខម)​  ។  ក្នុង​សាស្ត្រា​ទាំង​នេះ  ខ្ញុំ​បាទ​មិន​ដែល​ឃើញសៀម​សរសេរ ក មាន​រូប​សណ្ឋាន​ជា ក​ ឬ ង ជា ង ឡើយ ។ គេ​សរសេរ​ដូច​ត​ទៅ​ជា​និច្ច ៖ ក និង ង ។  ខ្ញុំ​បាទ​បាន​សាក​សួរ​និស្សិត​ជាតិ​ដាណឺម៉ាក​ម្នាក់  សព្វ​ថ្ងៃ​ កំពុង​ធ្វើ​សរណា​ស្រាវ​ជ្រាវ​ស្តី​ពី​រឿង ព្រះ​មាល័យ របស់​សៀម ជា​ភាសា​សៀម តែ​សរសេរ​ជា​អក្សរ​ខ្មែរ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា  គាត់​បាន​​អាន​ក្រាំង​និង​សាស្ត្រា​ស្លឹក​រឹត​ច្រើន​ច្បាប់ ច្រើន​ខ្សែ មក​ពី​ប្រទេស​សៀម បាន​ប្រទះ​ឃើញ តួ ក តែ​ម្តង​គត់ ក្នុង​ឃ្លា​ចុង​បញ្ចប់​រឿង​មួយ (សរសេរ​ជា​ភាសា​សៀម) ។ ចំណែក​ឯ​របៀប​សរសេរ​តួ ក ខ គ ឃ ង ខ្ញុំ​បាទ​បាន​ប្រទះ​ឃើញ​ជា​ញឹក​ញាប់​បំផុត​ក្នុង​សាស្ត្រា​ស្លឹក​រឹត វាន និង​សៀវភៅ​សរសេរ​ដែល​ពួក​បារាំង​បាន​នាំ​មក​ប្រើ​នៅ​ប្រទេស​កម្ពុជា​នៅ​ចុង​សតវត្ស​ទី ១៩ ។ ដែល​អ្នក​ប្រាជ្ញ​សព្វ​ថ្ងៃ ច្រឡំ​អក្សរ​មូល​និង​អក្សរ​ខម ខ្ញុំ​បាទ​គិត​ថា មាន​មូលហេតុ​ ២ ។ ទី ១  នៅ​ប្រទេស​កម្ពុជា អក្សរ​ខម​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ ស.វ. ទី ២០ ហើយ​គេ​បាន​យក​អក្សរ​នេះ​សម្រាប់​យីហោ ស្លាក ។ល។ ទី ២ ដល់​ពេល​យក​បែប​អក្សរ​នេះ ធ្វើ​ជា​សំណ​អក្សរ​ពុម្ព​ គេ​បាន​ធ្វើ​ឲ្យ​តួ​អក្សរ​បែប​នេះ មាន​រាង​ថ្លោស​ និង​មូល​ទៀត ។ ឯ​អក្សរ​មូល​វិញ គេ​មិន​បាន​ធ្វើ​ឲ្យ​សំណ​ពុម្ព​មាន​រាង​ថ្លោស ។ ម្យ៉ាង​ទៀត  គេ​បាន​ធ្វើ​ឲ្យ​មាន​រូប​ជ្រុង​បន្តិច ។
ដែល​ខ្ញុំ​បាន​រៀប​រាប់​នេះ ប្រហែល​ជា​ការ​យល់​ខុស​ពី​ខ្ញុំ​បាទ តែ​ខ្ញុំ​បាទ​បាន​ប្រមូល​ឯកសារ​ជា​ភស្តុតាង​ ដែល​ខ្ញុំ​បាន​ស្កេន និង​សូម​ជូន​ក្នុង​ឯកសារ​មួយ​ទៀត ។[20] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ​ ឞ  តួ​នេះ ពុំ​មែន​ជាព្យញ្ជនៈ ម (ម) ទេ  គឺ​ជា​តួ​ព្យញ្ជនៈ ឞ (ហៅ ស­ប) ជា​ព្យញ្ជនៈ​សម្រាប់​តែ​ភាសា​សំស្ក្រឹត ពុំ​មាន​ក្នុង​ភាសា​បាលី​និង​ខ្មែរ​ទេ ។ ភាសា​សំស្ក្រឹត​មាន​ព្យញ្ជនៈ “ស” បី​តួ (បញ្ចេញ​សម្លេង​ខុស​គ្នា) គឺ ឝ (ហៅ ស­ក) ឞ (ហៅ ស­ប) និង ស (អាច​ហៅ ស­ល) បាន ។ រី​ឯ​ភាសា​បាលី មាន​តែ​តួ ស ប៉ុណ្ណោះ ។ ខ្មែរ​ធ្លាប់​ប្រើ ឝ និង ឞ តាំង​ពី​សម័យ​មុន​អង្គរ​រហូត​ដល់​សម័យ​ក្រោយ​អង្គរ ។ ឧ. សូម​មើល សិលាចារឹក​នគរ​វត្ត និង បទានុក្រម  រៀប​រៀង​ដោយ​មហា​ពិទូរ​ក្រសេម ភ្នំ​ពេញ ពុទ្ធសាសនបណ្ឌិត្យ បោះ​ពុម្ព​លើក​ទី ២ គ.ស. ១៩៥៨  ព.ស. ២៥០១ ។
 [21] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ នៅ​ក្នុង​សៀវភៅ​បោះ​ពុម្ព​ផ្សាយ​នៅ​ស្រុក​ខ្មែរ​រហូត​ដល់​សម័យ​សង្គម​រាស្ត្រ​និយម ស្រៈ ែ នេះ ក៏​មាន​រូប​សណ្ឋាន​ដូច​នេះ ែ ផង​ដែរ ។
 [22] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ​ នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា គេ​បញ្ចេញ​សម្លេង​ថា ព្រះ​ធរនី  តែ​នៅ​សុរិន្ទ​ គេ​បញ្ចេញ​សម្លេង​ថា ព្រះ​ធរណី មិនបញ្ចេញ​សម្លេង​ថា ព្រះ​ធរនី (ហើយ​ចំពោះ​ខ្មែរ​សុរិន្ទ ​សម្លេង​នេះ​មិន​មែន​ជា​ឥទ្ធិពល​សៀម ព្រោះ​សៀម​មិន​អាច​បញ្ចេញ​ខ្យល់ ី (អី) ដូច​ខ្មែរ​ទេ ។​
 [23] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក្នុង​ចម្រៀង​មួយ​ចំនួន ខ្ញុំ​បាទ​បាន​ឮ​គេ​ថា ប្រពៃណី តាម​អក្ខរាវិរុទ្ធ ទោះ​ជា​ខ្មែរ​ភាគ​ច្រើន​ថា ប្រពៃនី ដូច​លោក​មាន​ប្រសាសន៍ ។


សូមថ្លែងអំណរគុណដល់
លោកសាស្ត្រាចារ្យ ឃីង ហុកឌី និងលោកសាស្ត្រចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ដែលបានជួយពិនិត្យឯកសារនេះ ។

rerung peung

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Templates blogger

0 comments:

Post a Comment

 

Copyright @ 2015 HDKHPRESS.COM.